ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូមិនគោរពភ្លេីងស្តុប​ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវ​បណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត​ បន្ទាប់ពីរូបគាត់ជិះម៉ូតូលឿនពេក​និងមិនគោរពភ្លេីងស្តុបបានជ្រុលទៅបុករថយន្តតាកូម៉ា​ដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង​ កាលពីវេលាម៉ោង១​ និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅត្រង់ចំណុចស្តុបបូកគោ​តាមបណ្ដោយផ្លូវព្រះមុនីវង្ស​ កែងផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

    បេីតាមសាក្សីដែលឃេីញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា​ ដំបូងរថយន្តម៉ាក​តាកូម៉ា​មួយបាំងកន្លះ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ត្បូងឃ្មុំ​ 2A-0007 បានដឹកបន្លែពេញរថយន្ត​ហើយបើកតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ក្នុងទិសដៅពីត្បូងទៅជេីង​។ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់​ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៤​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ 2AO-1852 តាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​និងមិនគោរពភ្លេីងស្តុបផងនោះ​ ក៏ជ្រុលទៅបុករថយន្តតាកូម៉ា​ ចំពីមុខចំហៀងខាងស្ដាំពេញទំហឹង​ បណ្ដាលឲ្យបុរសភាគីខាងម៉ូតូរងរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះជីវិតភ្លាមៗ​ ។ ចំណែករថយន្តនិងម៉ូតូបានរងការខូចខាតដូចគ្នាយ៉ាងដំណំផងដែរ​ ។ 

  ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌនិងរាជធានីភ្នំពេញ​ ឲ្យមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ជេីងគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រង់ចាំដោះស្រាយតាមច្បាប់​ ៕

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖