ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងដកហូតបានកាំភ្លើងកែច្នៃមួយដើម

ចែករំលែក៖

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ព្រមទាំងរក្សាទុកនូវកាំភ្លេីងកែច្នៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលំក្រោយវត្តជាន់ឯក ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

ជនសង្ស័យខាងលេីមានឈ្មោះ ទិត្យ ស្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលគ្មានលេខ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ (មានផ្ទុកសារធាតុញៀន) ។

ក្នុងប្រតិបត្តិការ នេះ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោបានរកឃើញម្សៅក្រាម(ស)ថ្លាចំនួន១កញ្ចប់តូច(សង្ស័យសារធាតុញៀន)។ លុះមកដល់ព្រឹកឡើងម៉ោង៨និង១៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថ បានបន្តចុះទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យដោយរកឃើញម្សៅក្រាម(ស)ថ្លាចំនួន៣កញ្ចប់តូច(សង្ស័យសារធាតុញៀន) រួមនិឹងកាំភ្លើងកែច្នៃមួយដើម បន្ថែមទៀត ។
វត្ថុតាងចាប់យកសរុបរួមមាន៖
១- ម្សៅក្រាម(ស)ថ្លាចំនួន៤កញ្ចប់តូច(សង្ស័យសារធាតុញៀន) ។
២-កាំភ្លើងខ្យល់កែច្នៃ(បាញ់គ្រាប់កង់)ចំនួន១ដើម ។
៣-ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកOppoពណ៌ខ្មៅ ។
៤-ម៉ូតូចំនួន១គ្រឿងម៉ាកHonda Cub ពណ៌ទឹកប៊ិក គ្មានស្លាកលេខ ។
៥-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ននេះជនសង្ស័យ រួមទាំងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌដង្កោ បញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដេីម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖