ព័ត៌មានទាន់ហេតុការណ៍៖

លោក ហោ សារុន៖ «ក្នុងឆ្នាំ២០២០កន្លងមកនេះកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ១លាន៣សែននាក់ ថយចុះ ៨០.២% ធៀបនឹងឆ្នាំ២០១៩ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលប្រមាណ៣លានដុល្លារសហរដ្ឋអាមេរិក»

ចែករំលែក៖

     ខេត្តស្វាយរៀង៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ថ្លែងថា ក្នុងឆ្នាំ២០២០នេះកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ១លាន៣សែននាក់ ថយចុះ ៨០.២% ធៀបនឹងឆ្នាំ២០១៩ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលប្រមាណ៣លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងបរិបទវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាតត្បាតនៅបណ្ដាប្រទេសជាច្រើនលើសកលលោកបានធ្វើឱ្យវិស័យទេសចរណ៍ វិស័យធ្វើដំណើរ វិស័យដឹកជញ្ជូនឆ្លងកាត់ព្រំដែនមានការប៉ះពាល់យ៉ាងខ្លាំង។

ការថ្លែងបែបនេះនៅក្នុងអង្គសិក្ខាសាលាស្តីពី “ បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព “ ដែលបានប្រារព្ធធ្វើឡើង នៅស្នាក់ការច្រកទ្វារអន្តរជាតិព្រៃវល្លិខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២កុម្ភៈឆ្នាំ២០២១។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ស្វាយរៀងបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

សម្រាប់ខេត្តស្វាយរៀងខាងផ្នែកឧស្សាហកម្មទេសចរណ៍ ខេត្តស្វាយរៀងបាននិងកំពុងអភិវឌ្ឍន៍ខ្លួនជាបណ្តើរៗ ដើម្បីក្លាយទៅជាតំបន់ទាក់ទាញទេសចរដ៏សំខាន់ ក្នុងចំណោមតំបន់គោលដៅទាក់ទាញទេសចរដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបន្ថែមថា ខេត្តស្វាយរៀងជាតំបន់ដែលមានទីតាំងជាប់នឹងព្រំប្រទល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សព្វថ្ងៃនេះ យើងសង្កេតឃើញថា ភ្ញៀវទេសចរឆ្លងខេត្តស្វាយរៀង មានចំនួនថយចុះក្នុងអំឡុងពេលនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។

ក្នុងឱកាសនោះលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីពង្រឹងការយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចល្អរួសរាយរាក់ទាក់ភ្ញៀវទេសចរនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ ដែលជាច្រកទ្វារសេដ្ឋកិច្ចនិងទេសចរណ៍មួយយ៉ាងសំខាន់ដោយធានាឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពទេសចរណ៍បានល្អប្រសើរ ព្រមទាំងមានការចូលរួមសហការពីរដ្ឋបាលថ្នាក់ក្រោមជាតិសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពទេសចរណ៍តាមគោលដៅទេសចរណ៍នានាក្នុងខេត្ត។
សម្រាប់វិស័យទេសចរណ៍នៅកម្ពុជាលោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធសាស្ត្រគាំទ្រនិងសកម្មភាពឆ្លើយតបនានាដូចជាការដាក់ចេញវិធានការសុវត្ថិភាពទេសចរណ៍ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុងនិងការរៀបចំផែនទីចង្អុលផ្លូវក្នុងការរៀបចំស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុងអំឡុងពេលនិងក្រោយវិបត្តិជំងឺកូវីដ-១៩។
រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ដោយបែងចែកជាបីដំណាក់កាល៕ យឹម សុថាន


ចែករំលែក៖