ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា ឡាយ លន់ ដែលល្បីខាងលក់ដីខ្យល់ឱ្យប្រជាពលរដ្ឋ រងបណ្ដឹងគ្រប់ទិស, បែកធ្លាយរឿងធ្វើបាបប្រពន្ធដើម ពេលមានស្រីថ្មី

ចែករំលែក៖

      ខេត្តសៀមរាប៖ មួយរយៈកន្លងទៅនេះ ឧកញ៉ា ឡាយ លន់ ត្រូវបានប្រជាពលរដ្ឋជាច្រើនរស់នៅខេត្តសៀមរាប ចោទប្រកាន់ថាគាត់បានលក់ដីខ្យល់ និងប្ដឹងទៅតុលាការ។

ប៉ុន្តែដំណោះស្រាយ ហាក់មិនទាន់មានពន្លឺនៅឡើយ។
ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋនេះ អង្គភាព”កាសែតនគរវត្ត” មិនអាចទំនាក់ទំនងសូមធ្វើការបំភ្លឺរឿងពីលោកឧកញ៉ា ឡាយ លន់ បានទេនៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយគ្មានលេខទូរស័ព្ទ។
រឿងប្រជាពលរដ្ឋប្តឹងគ្រប់ទិស មិនទាន់នឹងបញ្ចប់ផង បែរជាលេចចេញអតីតប្រពន្ធដើមបានលើកឡើងអំពី លោកឧកញ៉ា ឡាយ លន់ ធ្វើបាប ទាំងផ្លូវកាយ ផ្លូវចិត្ត ឈានដល់ផ្លូវបំបែក និងបន្សល់ទុកនូវរឿងរ៉ាវឈឺចុកចាប់មិនអាចបំភ្លេចបានមកទល់បច្ចុប្បន្ន។
សូមបញ្ជាក់ថា, ឧកញ៉ា ឡាយ លន់ មានស្រុកកំណើតក្នុងភូមិឈូក ឃុំត្រីញ៉ា ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្នគាត់រស់នៅក្នុងក្រុងសៀមរាប ដែលមានប្រពន្ធដើមឈ្មោះ មឿន វណ្ណថា អាយុ៣៥ឆ្នាំ មានស្រុកកំណើតក្នុងភូមិពួកចាស់ ឃុំ-ស្រុកពួក ខេត្តសៀមរាប។ ប៉ុន្តែបច្ចុប្បន្ននេះរស់នៅផ្ទះជួល ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។ អ្នកស្រីជាប្រពន្ធដើម ក៏បានបង្ហោះ ភ្ជាប់ជាមួយនឹងរូបភាពប្រពន្ធក្រោយរបស់ឧកញ៉ាខាងលើ ដោយបញ្ជាក់ថា, ក្នុងកំឡុងខែ១០ ឆ្នាំ២០២០ ដោយឧកញ៉ាជាស្វាមីនេះ ធ្វើបាបចិត្តទៅលួចមានស្រីថ្មី ទ្រាំលេងបានដាច់ចិត្ត ទាំងទឹកភ្នែក ប្ដឹងទៅតុលាការខេត្តសៀមរាប ដោយខ្លួនគ្មានលុយ គ្មានអំណាច ត្រូវបានប្ដីប្ដឹងលែងលះមុនទៅតុលាការ។ រហូតមានសាលក្រមស្ថាពរដោយខ្លួនមិនបានដឹងអ្វីទាំងអស់ ខណ:លោកប្តីមានមុខរបរលក់ដីខ្យល់ ប្រមូលប្រាក់ ហើយអត់ដីឲ្យ គាត់ក៏ត្រូវគេប្ដឹងជុំទិស ។
អតីតប្រពន្ធដើមឧកញ៉ា ឡាយ លន់ បានប្រាប់អ្នកសារព័ត៌មានថា, គាត់បានរៀបការជាមួយនឹងឈ្មោះ ឡាយ លន់ កាលពីឆ្នាំ២០០៦ ត្រឹមត្រូវតាមផ្លូវច្បាប់ និងមានចំណងដៃកូន ២នាក់។
លោកស្រីបានបន្តថា, ក្នុងមុខរបរជាគ្រូបង្រៀន ក្រោយមកអ្នកស្រីនិងស្វាមីបានទិញផ្ទះមួយនៅក្រុងសៀមរាប ។ ប៉ុន្តែការរស់នៅមិនទទួលបានសេចក្តីសុខ ខណ: ឈ្មោះ ឡាយ លន់ ជំពាក់លុយគេច្រើនពេក ក៏បានលក់ផ្ទះនោះសងគេអស់ទៅ រហូតដល់ជួលផ្ទះគេនៅ ហើយមិនត្រូវបានឧកញ៉ាឡាយ លន់ មើលការខុសត្រូវគ្រប់គ្រងប្រពន្ធនិងកូនឡើយ។ លោកស្រីបានរំឭកនូវការឈឺចាប់ថា, គ្មានលុយមួយរៀលលុយខ្មែរឲ្យប្រពន្ធនិងកូនហើយ បែរជាលួចទៅមានស្រីថ្មី និងប្ដឹងទៅតុលាការលែងរូបគាត់ ចំណុចនេះសួរថា, តើស្រីណាមិនចុកចាប់។ ប៉ុន្តែសំណាងដែរបានតុលាការប្រគល់កូនទាំងពីរនោះមកឲ្យគាត់ជាអ្នកគ្រប់គ្រងបីបាច់ថែរក្សា។
បើតាមការបញ្ជាក់ឲ្យដឹងពីសាច់ញាតិខាងប្រពន្ធដើម ឧកញ៉ា ឡាយ លន់ នេះបានជំពាក់ប្រាក់ម្ដាយក្មេករហូតដល់ 4 ម៉ឺន 5 ពាន់ដុល្លារដើម្បីទៅរកស៊ីដីធ្លី ហើយក៏មិនបានសងមកវិញដែរ។
សូមបញ្ជាក់ថា, ឧកញ៉ា ឡាយ លន់ ល្បីផងដែរនៅខេត្តសៀមរាប ដែលជាប់ពាក់ព័ន្ធនឹងលក់ដីខ្យល់ឱ្យប្រជាពលរដ្ឋ និងរងបណ្ដឹងទៅតុលាការ។ ថ្មីៗនេះបែរជាប្រពន្ធដើម ក៏បានលើកឡើងអំពី បុគ្គលិកលក្ខណៈ និងអ្វីដែលខ្លួនបានឈឺចុកចាប់ដោយសារប្ដីចិត្តអប្រិយនេះ៕

ដោយ៖ សិលា


ចែករំលែក៖