ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាគណធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។ ក្នុងឱកាស នោះដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានពាំនាំមតិផ្តាំផ្ញើពីសំណាក់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សួរសុខទុក្ខដល់កង កម្លាំងនគរបាលគ្រប់រូប ថែរក្សាសុខភាពឱ្យបានល្អ ។
ឆ្លៀតពេលនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានផ្ដល់អនុសាសន៍ អោយកម្លាំងនគរបាល បំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយលោកបាន ដាក់ចេញទិសដៅអនុវត្តចំនួន ០៦ មាន៖
១-ខិតខំប្រឹងប្រែងបន្តអោយមានសន្តិសុខសណ្ដាប់ធ្នាប់ និងការពារសន្តិភាព។
២-ពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
៣-ដោះស្រាយក្តីកង្វល់ចំពោះមុខរបស់ប្រជាពលរដ្ឋ។
៤-ពន្លើនក្នុងការផ្តល់ អត្តសញ្ញាណប័ណ សៀវភៅគ្រួសារ ដល់ប្រជាពលរដ្ឋ។
៥-គោរពតាតាមការណែនាំរបស់ក្រសួងសុខាភិបាល សម្អាត អនាម័យ គ្រប់ពេលវេលាមុនចេញចូលធ្វើការ ។
៦-សាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួមសហការជាមួយគ្រប់អជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ដើម្បីសំរេចជោគជ័យគ្រប់ភារកិច្ច ៕
ដោយ៖ស សម