ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវឲ្យអ្នកដែលបានចុះឈ្មោះរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ (The 25th Angkor Wat Half Marathon) ដែលបានផ្លាស់ទៅជាការរត់ស្ម័គ្រចិត្តដោយខ្លួនឯង នាថ្ងៃស្អែក និងថ្ងៃខានស្អែក ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២១នោះសូមរត់ឲ្យបានគ្រប់ៗគ្នា និងមានភាពស្មោះត្រង់ ដោយរត់ឲ្យបានបញ្ចប់ទី ក្នុងវិញ្ញាសាដែលខ្លួនបានចុះឈ្មោះ។
នេះជាការអំពាវនាជាថ្មីរបស់ លោកអគ្គលេខាធិការ នៅក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ដើម្បីជំរុញឲ្យកីឡាករ កីឡាការិនីទាំងអស់ដែលបានចុះឈ្មោះក្នុងទិវាអន្តរជាតិនេះ ហើយបានប្តូរមកជាការរត់ប្រណាំងដោយខ្លួនឯង ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩នោះ សូមភ្ញាក់ ពីព្រឹកព្រលឹម ដើម្បីរត់បំពេញកាតព្វកិច្ច និងរត់ឲ្យគ្រប់ចម្ងាយគីឡូម៉ែត្រ ដែលកីឡាករ កីឡាការិនីនីមួយៗបានចុះឈ្មោះលើវិញ្ញាសារត់ប្រណាំងនីមួយៗ តាមការណែនាំរបស់គណៈកម្មការរៀបចំ ដើម្បីទទួលបានមេដាយបញ្ចប់ទី ជាអនុស្សាវរីយ៍ នៅក្នុងវិបត្តិជំងឺកូវីដ-១៩ នេះដែលមិនអាចរៀបចំការរត់ជួបជុំដូចរៀងរាល់ឆ្នាំបាន។
«ស្មារតីគាំទ្ររបស់អ្នកឧបត្ថម្ភធំ គឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife បានផ្តល់ជូននូវអត្ថប្រយោជន៍នៃ អំពើសប្បុរសធម៌ជួយដល់មន្ទីរពេទ្យអង្គរ និងមន្ទីពេទ្យគន្ធបុប្ជា ដោយអ្នកដែលចូលរួមរត់ គឺបានបរិច្ចាគថវិកាចំនួន ៨ដុល្លារអាមេរិកក្នុងម្នាក់ៗជូនដល់មន្ទីរពេទ្យទាំងពីរនេះ។ មានន័យថា Manulife ជាអ្នកផ្តល់ថវិកាសប្បុរសធម៌ជូនមន្ទីរពេទ្យទាំងពីរនេះ ដោយអ្នករត់ម្នាក់ៗបានប្រាប់ទៅបេះដូងខ្លួនឯងថាបានបរិច្ចាគថវិការបស់ខ្លួនក្នុងម្នាក់ៗ ៨ដុល្លារទៅមន្ទីរពេទ្យទាំងពីរនេះ។ ប៉ុន្តែមិនមែនមានន័យថា អត់រត់ម្នាក់ៗទៅទារលុយពី Manulife ទេ។ ដោយសារការរត់ប្រណាំងឆ្នាំនេះ គឺរត់របត់ថ្មី កុំឲ្យខូចនូវគម្រោង ឬផែនការរបស់ Manulife ដែលតែងតែគៀគរស្វែងរកថវិកាសប្បុរសធម៌នានាជួយដល់មន្ទីរពេទ្យទាំងពីរនេះ ទើប Manulife បន្តធ្វើការងារជួយដល់កិច្ចការជួយដល់សង្គម តាមបែបរូបភាពនេះ។» នេះជាការសង្កត់ធ្ងន់បន្ថែមរបស់លោកអគ្គលេខាធិការ។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា អ្នកដែលបានចុះឈ្មោះ ហើយបានមកទទួលយកស្លាកលេខរត់ និងអាវពីគណៈកម្មការរៀបចំ គឺមានច្រើនជាង៣០០០នាក់។ ជាមួយគ្នានោះឯកឧត្តមក៏បានសំណូមពរ ក៏ដូចជាលើកទឹកចិត្តឲ្យអ្នករត់ទាំងអស់មេត្តារត់ដោយម្ចាស់ការខ្លួនឯងនេះឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កឲ្យក្លាយជាចលនាមួយ ក្នុងស្មារតីបំពេញកាតព្វកិច្ចឲ្យបានសស្រាក់សស្រាំ ពីព្រោះគោលដៅរបស់យើងទាំងអស់ គឺរត់ដើម្បីសុខភាព និងរត់ដើម្បីការងារសប្បុរសធម៌។ លោកក៏បានប្រកាសបើកទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ ខួបលើកទី២៥ឆ្នាំ ជានិមិត្តរូបចាប់ពីពេលនេះទៅ ដែលសូមរត់ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦ ឬថ្ងៃទី៧ កុម្ភៈ តទៅ។
លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងទីផ្សារ និងអតិថិជននៃក្រុមហ៊ុន Manulife លើកឡើងដែរថា ក្រុមហ៊ុន ពិតជាមានមោទនភាពណាស់ ក្នុងការរួមចំណែកបន្តការគាំទ្រដល់កម្មវិធីរត់ប្រណាំង ក៏ដូចជាជួយឧបត្ថម្ភគាំទ្រដល់កិច្ចការសប្បុរសធម៌នេះ។ លោកស្រីនាយិការូបនេះក៏បានបង្ហាញនូវទម្រង់រត់របស់ក្រុមការងាររបស់ខ្លួន ដែលបានរៀបចំជូនសម្រាប់អ្នករត់ទាំងអស់ ដូចជាអ្នកត្រូវរត់១០គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ថាតើគួរទៅរត់នៅណា ដែលមានភាពងាយស្រួល តាមរយៈទម្រង់ជាឧទាហរណ៍បង្ហាញជូនដល់អ្នករត់ នៅលើទំព័របណ្តាយទំនាក់ទំនងរបស់ខ្លួន។
លោក សែម ផល្លា នាយកចាត់ការទូទៅទិវាម៉ារ៉ាតុងអន្តរជាតិរបស់កម្ពុជាក៏បានសូមការអធ្យាស្រ័យជាថ្មីម្តងទៀត ចំពោះអ្នករត់ប្រណាំងទាំងឡាយ ដែលបានចុះឈ្មោះចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំប្រចាំឆ្នាំ ហើយបានផ្លាស់ប្តូរមកជារត់ស្ម័គ្រចិត្តដោយខ្លួនឯង ដោយសារស្ថានភាពជំងឺកូវីដ-១៩នេះ។ ជាមួយគ្នានោះ លោកក៏បានបង្ហាញនូវអំណរគុណចំពោះការឧបត្ថម្ភគាំទ្រយ៉ាងធំធេង Manulife ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ជាច្រើនឆ្នំាកន្លងមកនេះ ដែលធ្វើឲ្យព្រឹត្តិការណ៍អន្តរជាតិមួយនេះកាន់តែរីកធំធាត់ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ៕
ប្រភព៖ទទក