ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីសាខា ក ប ប ខេត្តចុះពិនិត្យទំនិញមុនថ្ងៃបុណ្យចូលឆ្នាំចិនវៀតណាម រកឃើញពពុះសណ្តែក ងៀតបបែល ស្លឹកខ្ទឹមនិងនំចម្រុះមានសារធាតុគីមីនៅផ្សារវាលយន្តក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីសាខា ក ប ប ខេត្តស្វាយរៀងដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្តសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវេចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀងដោយរកឃើញ ពពុះសណ្តែក ងៀតបបែល ស្លឹកខ្ទឹមនិងនំចម្រុះសរុបជាច្រើនគីឡូក្រាមមានដាក់សារធាតុគីមីហាមឃាត់នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២១។

លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងបានឱ្យដឹងថា នាថ្ងៃនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន៣១គំរូដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផលក្រោយការចុះអនុវត្តការងារ  មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជាពពុះសណ្តែកចំនួន៨គីឡូក្រាមមានសារធាតុគីមី ( Borax ) ងៀតបបែល ចំនួន ៥គីឡូក្រាមមានសារធាតុគីមី ( Borax ) ស្លឹកខ្ទឹមចំនួន១គីឡូក្រាម មានថ្នាំសំណល់គីមីកសិកម្មនិងនំចម្រុះចំនួន៦គីឡូដែលខូចគុណភាព ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយបន្តទៀត ។

លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើល ស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រី(ក ប ប )របស់លោក នឹងបន្តចុះ ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀងឲ្យបានញឹកញាប់បន្ថែមទៀត។

ចំណែកអ្នកលក់ដូរនៅផ្សារវាលយន្តក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំ និញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះ បានយល់ដឹង នូវផលប៉ះ ពាល់ដល់សុខភាពនៅពេលដែលប្រើប្រាស់ទំនិញខូចគុណភាពផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖