ពលរដ្ឋចិនរាប់រយលាននាក់បានចាកចេញពីស្រុកកំណើតទៅធ្វើការនៅទីក្រុងធំៗ ដែលមានការងារល្អៗ អាចរកប្រាក់ចំណូលបានច្រើន ។ បុណ្យចូលឆ្នាំគឺជាពេលវេលាជួបជុំគ្រួសារដ៏សំខាន់ក្នុងមួយឆ្នាំមានម្តង។ ប៉ុន្តែដោយសារឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ ពលរដ្ឋជាច្រើនមិនបានវិលត្រឡប់ទៅស្រុកកំណើតជួបជុំគ្រួសារឡើយ។
ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ពលរដ្ឋចិនធ្វើដំណើរច្រើនជាងគេបំផុតលើពិភពលោក ។ ពលរដ្ឋរាប់រយលាននាក់បានទៅកាន់ស្ថានីយរថភ្លើង រថយន្តក្រុង អាកាសយានដ្ឋាននានា ដើម្បីទៅស្រុកកំណើត។ ប៉ុន្តែឆ្នាំនេះពលរដ្ឋចិនមិនបានទៅចូលរួម បុណ្យចូលឆ្នាំជួបជុំគ្នានោះទេ ក្រោយពីរដ្ឋាភិបាលបានអំពាវនាវដល់ពលរដ្ឋកាត់បន្ថយការធ្វើដំណើរដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
បុណ្យចូលឆ្នាំចិន គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតរបស់ពលរដ្ឋចិន ជាពេលវេលាជួបជុំគ្រួសារសាច់ញាតិ។ ដោយសារតែការឆ្លងរាលដាលកូវីដ -១៩ ក្រសួងសុខាភិបាលចិនបានស្នើពលរដ្ឋ ដែលទៅស្រុកកំណើតត្រូវតែផ្តល់លិខិតបញ្ជាក់ពីការធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេល៧ថ្ងៃចុងក្រោយ ហើយត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងផ្ទះទៀត ។ ទាំងនោះហើយដែលធ្វើឲ្យពលរដ្ឋចិនរាប់រយលាននាក់សម្រេចផ្អាកទៅស្រុកកំណើតជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
មិនតែប៉ុណ្ណោះ មន្ត្រីក្នុងតំបន់បានអនុវត្តយុទ្ធសាស្ត្រទប់សា្កត់ការឆ្លងកូវីដ-១៩យ៉ាងតឹងតែងបំផុត។ ជាក់ស្តែង តំបន់មួយចំនួនពលរដ្ឋដែលវិលទៅស្រុកគឺត្រូវធ្វើចត្តាឡី
ស័ក១៤ថ្ងៃនៅទីតាំងរដ្ឋ មិនមែននៅក្នុងផ្ទះនោះឡើយ។ ការទៅស្រុកក៏មិនបានជួបជុំគ្រួសារនោះដែរ ផ្ទុយទៅវិញធ្វើឲ្យគ្រួសារបារម្ភទៅវិញទេ៕ ដោយ ៖ធី រីណា
រូបភាព៖ Thời Báo Hoàn Cầu