ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចិនរាប់រយលាននាក់ មិនបានជួបជុំគ្រួសារដោយសារកូវីដ​-១៩

ចែករំលែក៖

ពលរដ្ឋចិនរាប់រយលាននាក់បានចាកចេញពីស្រុកកំណើតទៅធ្វើការនៅទីក្រុងធំៗ​ ដែលមានការងារល្អៗ អាចរកប្រាក់ចំណូលបានច្រើន ។ បុណ្យចូលឆ្នាំគឺជាពេលវេលា​ជួបជុំគ្រួសារដ៏សំខាន់​ក្នុងមួយឆ្នាំ​មានម្តង​។ ប៉ុន្តែដោយសារឥទ្ធិពល​នៃការឆ្លងរាលដាលកូវីដ​-១៩ ពលរដ្ឋជាច្រើនមិនបានវិលត្រឡប់ទៅស្រុកកំណើតជួបជុំគ្រួសារឡើយ​។
ជារៀងរាល់ឆ្នាំ ​ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី​ជាតិ ពលរដ្ឋចិន​ធ្វើដំណើរច្រើនជាងគេបំផុតលើពិភពលោក​ ។ ពលរដ្ឋរាប់រយលាននាក់បានទៅកាន់ស្ថានីយរថភ្លើង រថយន្តក្រុង អាកាសយានដ្ឋាននានា ដើម្បីទៅស្រុកកំណើត​។ ​ប៉ុន្តែឆ្នាំនេះពលរដ្ឋចិន​មិនបានទៅចូលរួម បុណ្យចូលឆ្នាំជួបជុំគ្នានោះទេ ក្រោយពីរដ្ឋាភិបាលបានអំពាវនាវដល់ពលរដ្ឋកាត់បន្ថយការធ្វើដំណើរដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។
បុណ្យចូលឆ្នាំចិន គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុត​របស់ពលរដ្ឋចិន​ ជាពេលវេលាជួបជុំគ្រួសារសាច់ញាតិ។ ដោយសារតែការឆ្លងរាលដាលកូវីដ -១៩ ក្រសួងសុខាភិបាលចិនបានស្នើពលរដ្ឋ ដែលទៅស្រុកកំណើតត្រូវតែផ្តល់លិខិតបញ្ជាក់​ពីការធ្វើតេស្តអវិជ្ជមានកូវីដ​-១៩ ក្នុងរយៈពេល​៧ថ្ងៃចុងក្រោយ ហើយត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងផ្ទះទៀត ។ ទាំងនោះហើយដែលធ្វើឲ្យពលរដ្ឋចិន​រាប់រយលាននាក់សម្រេច​ផ្អាកទៅស្រុកកំណើតជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
មិនតែប៉ុណ្ណោះ មន្ត្រីក្នុងតំបន់បានអនុវត្តយុទ្ធសាស្ត្រទប់សា្កត់ការឆ្លងកូវីដ​-១៩យ៉ាងតឹងតែងបំផុត​។ ជាក់ស្តែង តំបន់មួយចំនួន​ពលរដ្ឋដែលវិលទៅស្រុកគឺត្រូវធ្វើ​ចត្តាឡី
ស័ក១៤ថ្ងៃនៅទីតាំងរដ្ឋ មិនមែននៅក្នុងផ្ទះនោះឡើយ។ ការទៅស្រុកក៏មិនបានជួបជុំគ្រួសារនោះដែរ​ ផ្ទុយទៅវិញធ្វើឲ្យគ្រួសារបារម្ភទៅវិញទេ៕ ដោយ ៖ធី រីណា

រូបភាព៖ Thời Báo Hoàn Cầu


ចែករំលែក៖