ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ាក់កាត់ទោសព្យួរ.កអ្នកទោសភេរវកម្ម៥នាក់

ចែករំលែក៖

កាលពីថ្ងៃទី៩ខែកុម្ភៈ អុីរ៉ាក់បានកាត់ទោសប្រហារជីវិតភេរវករ ៥នាក់។ ការប្រហារជីវិតនេះ កើតឡើងក្នុងពេលដែលក្រុមភេរវកម្ម IS បង្កើនការវាយប្រហារនៅក្នុងប្រទេសនេះចាប់តាំងពីដើមឆ្នាំ២០២១។
ប្រភពព័ត៌មានពីសន្តិសុខអុីរ៉ាក់បានឱ្យដឹងថា ការកាត់ទោសប្រហារជីវិតភេរវករ៥នាក់ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Nassiriya ភាគខាងត្បូងប្រទេសអុីរ៉ាក់។ អ្នកទោសទាំង៥នាក់ដែលត្រូវប្រហារជីវិតគឺជាពលរដ្ឋអុីរ៉ាក់ទាំងអស់។ នៅថ្ងៃទី៩ខែកុម្ភៈនោះដែរ អុីរ៉ាក់ក៏បានប្រហារជីវិតអ្នកទោសម្នាក់ទៀតពីបទសម្លាប់មនុស្សផងដែរ។
រយៈពេលកន្លងមក អុីរ៉ាក់បានកាត់ទោសមនុស្សរាប់រយនាក់ដែលសង្ស័យជាប់ពាក់ព័ន្ធក្រុមភេរវកម្ម រដ្ឋអ៊ិស្លាម IS ។ ការប្រហារជីវិតកើតឡើងជាបន្តបន្ទាប់ ក្រោយពេលកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិកយកឈ្នះទៅលើក្រុមភេរវកម្ម IS ។
កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២០ អុីរ៉ាក់បានកាត់ទោសព្យួរ.ក ក្រុមភេរវកម្មដល់ទៅ២១នាក់ពីបទ វាយប្រហារសម្លាប់មនុស្ស។ អ្នកទោសភេរវកម្ម៤នាក់ ជាប់ពាក់ព័ន្ធការវាយប្រហារពីរលើកផ្សេងគ្នាសម្លាប់មនុស្សអស់រាប់សិបនាក់ ។
ក្រុមសកម្មជនសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងបាដាដ និងបណ្តាប្រទេសលោកខាងលិច មានភាពមិនចុះសម្រុងគ្នាក្នុងការកាត់ទោស ។ កំហុសមួយចំនួនបានធ្វើឲ្យការកាត់ទោសមិនមានតម្លាភាព និងយុត្តិធម៌។
ក្រុមភេរវកម្ម IS ត្រូវបានកម្លាំងបរទេសវាយប្រហារយកឈ្នះដណ្តើមទីតាំងមកគ្រប់គ្រងវិញនៅឆ្នាំ២០១៧ ។ តាំងពីពេលនោះមក ក្រុមភេរវកម្មបានបើកការវាយប្រហារតាមបែប«ចចកឯកា» ដោយធ្វើការវាយប្រហារតែម្នាក់ឯងទៅលើគោលដៅនានា។ កាលពីថ្ងៃទី២១ខែមករា ឆ្នាំ២០២១ ក្រុមIS បានបើកការវាយប្រហារនៅទីក្រុងបាដាដសម្លាប់មនុស្ស ៣២នាក់ និងជាង ១០០នាក់រងរបួស ៕ ដោយ៖ធី រីណា

រូបភាព៖ AFP


ចែករំលែក៖