ក្រុមកំពូលៗនៅអឺរ៉ុបកំពុងជំរុញឱ្យមានការផ្លាស់ប្តូរកាលវិភាគប្រកួតនៅក្នុងដំណាក់កាលធំបំផុតរបស់បាល់ទាត់អឺរ៉ុប។ ក្រុមកំពូលៗទាំងនោះចង់ណែនាំនូវការបង្កើតពានរង្វាន់ European Super League ដែលនឹងបង្កើនទាំងចំណូលហិរញ្ញវត្ថុ និងចំណាប់អារម្មណ៍ពីអ្នកគាំទ្រ។
សារព័ត៌មាន Marca បានចុះផ្សាយកាលពីល្ងាចថ្ងៃទី១២ កុម្ភៈថា មានក្លិបជាច្រើនបានស្នើទៅ UEFA ក្នុងគោលបំណងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ហើយមានស្ថានភាពស្រដៀងគ្នានេះដែរនៅទសវត្សឆ្នាំ១៩៩០ ដែលទីបំផុតបានឃើញការបង្កើតនូវពានរង្វាន់ Champions League រហូតបច្ចុប្បន្ន។ ប្រសិនបើគម្រោងនេះក្លាយជាផ្លែផ្កា វាពិតជាមានឥទ្ធិពលលើការប្រកួតលីគក្នុងស្រុក។
ក្លិបកំពូលៗចង់បន្តការប្រកួតលីករបស់ពួកគេ ប៉ុន្តែអាទិភាពគឺត្រូវរៀបចំសម្រាប់ពានរង្វាន់ Super League ថ្មីមួយ។ នេះមានន័យថា កាត់បន្ថយចំនួនក្រុមក្នុងការប្រកួតលីក ឬស្វែងរកទម្រង់លេងថ្មី។
UEFA និង FIFA តែងតែគាំទ្រគំនិតនៃលីកកំពូលៗនៅអឺរ៉ុប មិនមានច្រើនជាង១៨ ក្រុមទេ ហើយនេះគឺជាសំណើដែលពួកគេបានដាក់សម្រាប់ការប្រកួតពានរង្វាន់ថ្មីណាមួយ។ ប៉ុន្តែ La Liga តែងតែប្រឆាំងនឹងការកាត់បន្ថយចំនួនក្រុម។
ប្រធាន UEFA លោក Aleksander Ceferin យល់ពីកង្វល់របស់ក្លិប ប៉ុន្តែមានគោលបំណងណែនាំទម្រង់ប្រកួតថ្មីនៃក្របខ័ណ្ឌ Champions League នៅរដូវក្តៅឆ្នាំ២០២៤ ។ លោកអះអាងថា ការផ្លាស់ប្តូរនឹងនាំមកនូវថ្ងៃប្រកួតជាច្រើនទៀតដែលអាចមានក្រុមចំនួនកើន៦ក្រុម ។ ទំរង់នេះមិនទាន់ចប់នៅឡើយទេ ហើយអាចត្រូវបានកែសម្រួលឡើងវិញនៅប៉ុន្មានខែខាងមុខនេះ ។
បញ្ហាចម្បងគឺទាក់ទងនឹងប្រាក់ដែលប្រាក់រង្វាន់ចំនួន១១០ លានអឺរ៉ូត្រូវប្រគល់ឲ្យម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Champions League គឺស្ថិតនៅឆ្ងាយពីការរំពឹងទុក។ ការផ្តល់ជូនបច្ចុប្បន្ននេះគឺមានការព្រមព្រៀងគ្នារវាងក្លិបទាំងអស់ជាមួយ UEFA ហើយប្រសិនបើបង្កើតពានរង្វាន់មួយទៀតមែន នោះការប្រកួតក្នុងលីកនឹងត្រូវកាត់បន្ថយកាលវិភាគប្រកួតជាមិនខាន ៕ដោយ៖ភារៈ