ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបកស័ក្តិ និងបណ្ដេញអធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ក្រោយរកឃើញថាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសថៃ អោយរាងមន្ត្រីកន្ទេលធំបន្លំដេក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ចេញបទបញ្ជាឲ្យបកស័ក្តិ និងបណ្តាញវរសេនីយ៍ ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិភ្លាម ក្រោយក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះពិតជាបានដោះលែងមេខ្យល់នាំមនុស្ស ឆ្លងដែន ខុសច្បាប់ ពីប្រទេសថៃ ចូលទឹកដីកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ បានបញ្ជាឲ្យអភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ដើម្បីជាការព្រមានដល់ជនទាំងឡាយផ្សេងទៀត កុំឲ្យប្រព្រឹត្តទង្វើបែបនេះ។ នេះហើយក្រុមមន្ត្រីកន្ទេលធំបន្លំដេក ឬមន្ត្រីគ្រាប់ល្ពៅ ថ្នាក់លើខិតខំទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តែមន្ត្រីគ្រាប់ល្ពៅគិតតែផលប្រយោជន៍ អត់គិតអំពីអាយុជីវិតប្រជាពលរដ្ឋ។ ទីបំផុត ! ត្រូវទទួលទោសបែបនេះទើបសមមុខ។

សូមបញ្ជាក់ថា, លោក គឹម ពន្លក បានទទួលស្គាល់ថា ខ្លួនពិតជាបានទទួលមុខសញ្ញាមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ពីកម្លាំងវរៈការពារព្រំដែន-៨១៩ ករណីទីមួយគឺមុខសញ្ញាផ្តល់ជំរកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជាទៅថៃ និងករណីទីពីរគឺមុខសញ្ញាពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័ក ប្រាកដមែន។

សូមជំរាបថា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង និងឱ្យមកបង្ហាញមុខនិងរូបភាពជារៀងរាល់ថ្ងៃ។ ប៉ុន្តែទីបំផុត ! សម្ដេចតេជោហ៊ុនសែន ចេញបទបញ្ជា ឲ្យដកមុខតំណែង បណ្ដេញចេញពីអង្គភាព និងចាត់ការតាមផ្លូវច្បាប់៕

 

ដោយ៖ សិលា


ចែករំលែក៖