ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសម្នាក់លោតពីលើអគារពាណិជ្ជកម្មកម្ពស់១០ជាន់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់សង្ស័យជាជនជាតិចិន បានលោតពីលើអគារពាណិជ្ជកម្មមួយកម្ពស់១០ជាន់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីរសៀល ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅត្រង់ស្ពានអាកាសផ្សារដីហុយតាមបណ្ដោយផ្លូវ ណតប្រ៊ីត កែងមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានវ័យប្រហែល៣០ឆ្នាំ ជាជនបរទេស សង្ស័យជនជាតិចិន បានលោតពីអគារកម្ពស់ប្រហែលជាង៣០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅមុខអគារពាណិជ្ជកម្មនោះ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានហ៊ុមព័ទ្ធនៅចំណុចទីតាំងខាងលើរួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកុសល្យវិច័យចក្ខុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីមកធ្វើកោសល្យវិច័យសព។
បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមូលហេតុនៃការលោតពីលើអគារនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជាបន្តទៀត៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖