អន្តរជាតិ៖ លោក អែមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅក្នុងសន្នីសីទសន្តិសុខប្រចាំឆ្នាំនៃទីក្រុងមុយនិច តាមប្រព័ន្ធអនឡាញ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាជឿជាក់លើអង្គការ NATO… ខ្ញុំក៏ជឿជាក់ដែរថា NATO ត្រូវការគោលនយោបាយថ្មីមួយ និងយុទ្ធសាស្ត្រជាក់លាក់ ហើយ NATO រឹតតែត្រូវការទៅទៀតនោះ គឺយុទ្ធសាស្ត្រនយោបាយបន្ថែម»។
បើតាមសារព័ត៌មាន CNA បានចុះផ្សាយនៅរសៀលថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយដកស្រង់សម្តីលោកប្រធានាធិបតីបារាំងលោក ម៉ាក្រុង បាននិយាយថា គំនិតរបស់លោកដែលចង់ឱ្យអឺរ៉ុប មានស្វ័យភាពខាងវិស័យការពារជាតិ មិនមែនមានន័យថា លោកចង់ផ្ដាច់សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែលោកគ្រាន់តែចង់ធ្វើឱ្យអឺរ៉ុប ក្លាយជាដៃគូដែលអាចពឹងពាក់បាន និងធ្វើឱ្យ NATO កាន់តែរឹងមាំប៉ុណ្ណោះ។
សូមជម្រាបថា ចាប់តាំងពីជាប់ឆ្នោតក្លាយជាប្រធានាធិបតីបារាំង កាលពីឆ្នាំ២០១៧ មកទល់នឹងពេលនេះ លោក ម៉ាក្រុង បានជំរុញម្ដងហើយម្ដងទៀត ឱ្យសហភាពអឺរ៉ុបបង្កើតយោធាអឺរ៉ុប ដើម្បការពារសន្តិសុខរបស់ខ្លួន ដោយមិនចាំបាច់ពឹងផ្អែកពេក តែទៅលើសហរដ្ឋអាមេរិកនោះឡើយ។
គួរបញ្ជាក់ដែរថា គំនិតចង់បង្កើត កងទ័ពអឺរ៉ុបកន្លងមកនេះរបស់ លោក ម៉ាក្រុង បានកើតមានឡើង កាលពីអំឡុងពេលនៃទំនាក់ទំនងដ៏តានតឹងរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក ក្រោមការដឹកនាំដោយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ជាពិសេសគឺការជំរុញរបស់លោក ត្រាំ ឲ្យប្រទេសជាសមាជិកនៅអឺរ៉ុប បង្កើនការចំណាយទៅដល់អង្គការ NATO នោះតែម្តង៕ដោយ៖ស តារា