ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះពលរដ្ឋ២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះនៅក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្នង  នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១  នៅភូមិសែសិន  សង្កាត់អូរអំបិល  ក្រុងសិរីសោភ័ណ ។
តាមការអះអាងពីម្ចាស់ផ្ទះ ឈ្មោះ  នូ  រ៉ាវី   ភេទប្រុស អាយុ៥៣ឆ្នាំ បានឱ្យដឹងថា ផ្ទះរបស់គាត់ដែលរងការឆេះនេះមានទំហំ ៤គុណ៨ម៉ែត្រ  ធ្វើអំពីថ្ម ដំបូលប្រក់សង្ក័សី។
ម្ចាស់ផ្ទះរងគ្រោះខាងលើបានបញ្ជាក់ថា  ៖  នៅមុនពេលកើតហេតុ គាត់និងប្រពន្ធ  បានដេកនៅក្នុងបន្ទប់ជាន់ខាងក្រោម  បានឃើញអណ្តាតភ្លើងឆេះចេញពីបារ៉ែតភ្លើងដែលតបណ្តាញអគ្គិសនីនៅក្នុងផ្ទះ  ពេលនោះរូបគាត់បានព្យាយមទាញទុយយោទឹកបាញ់ពន្លត់ដែរ តែមិនរលត់  ក៏បានរត់ចេញក្រៅហៅអ្នកជិតខាងឲ្យមកជួយពន្លត់ និងបានរាយការណ៍ទៅសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ចំនួន៣គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន៥ឡាន។
ចំពោះសម្ភារដែលរងការខូចខាតដោយអគ្គិភ័យរួមមាន៖  ទូរទស្សន៍១គ្រឿង,  ទូរស័ព្ទចំនួន៤គ្រឿង  និងសម្ភារផ្សេងៗមួយចំនួនទៀត  ។ ផ្ទះនេះរងការខូចខាត៤០%  គិតជាទំហំទឹកប្រាក់ប្រមាណ២០០០ដុល្លារ។
ដោយឡែកផ្ទះមួយខ្នងទៀតធ្វើពីឈើប្រក់សង្ក័សី  ទំហំ៣,៥ម៉ែត្រគុណ២០ម៉ែត្រ បានឆេះអស់មួយកំណាត់ក្រោយ ។  ម្ចាស់មានឈ្មោះ  សៅ  លីន  ភេទប្រុស  អាយុ២៩ឆ្នាំ  មុខរបរជាងជួសជុលម៉ូតូ ។ ចំពោះសម្ភាររងការខូចខាតរួមមាន ម៉ូតូចាស់ៗ២គ្រឿង ,  ឆេះម៉ាស៊ីនម៉ូតូ ១គ្រឿង ,កុំព្យូទ័រ  ២គ្រឿង ,  ម៉ាស៊ីនបញ្ចូលអាគុយ១គ្រឿង ,  ទូរស័ព្ទ១គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត  គិតជាទឹកប្រាក់ប្រមាណ១០០០ដុល្លារ។
យោងតាមការអះអាងពីម្ចាស់ផ្ទះកើតហេតុសមត្ថកិច្ចបានសន្និដ្ឋាន ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

ដោយ៖វណ្ណា


ចែករំលែក៖