ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជនឥណ្ឌូណេស៊ី៖ ច្រើនជាង១ពាន់នាក់ និងបង្ខំឲ្យចាកចោលផ្ទះសម្បែង​ ខណៈទឹកជំនន់វាយប្រហារក្នុងក្រុងហ្សាការតា

ចែករំលែក៖

អន្តរជាតិ​៖ ប្រជាជនឥណ្ឌូណេស៊ី ច្រើនជាងមួយពាន់នាក់ ត្រូវជម្លៀសខ្លួនចេញពី ផ្ទះសម្បែងរបស់ពួកគេជាបណ្ដោះអាសន្ន នៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ ខណៈដែល​គ្រោះទឹកជំនន់ បានវាយប្រហារនៅតាមតំបន់ជាច្រើនក្នុងរដ្ឋធានីហ្សាការតា។ ចំណែក​អាជ្ញាធរឧតុនិយម​ឥណ្ឌូណេស៊ី ក៏បានព្រមានថា​ អាកាសធាតុអាក្រក់ អាចនឹងបន្តកើតមានរហូតដល់សប្ដាហ៍ក្រោយ។

បើតាមសម្តីលោក Sabdo Kurnianto ប្រធានស្ដីទីនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានបញ្ជាក់ថា​ ប្រជាជនរដ្ឋធានីហ្សាការតា ១,៣៨០នាក់ត្រូវបានជម្លៀសចេញពី តំបន់ភាគខាងត្បូង និងភាគខាងកើតនៃរដ្ឋធានី ដែលមានប្រជាជនសរុប ១០លាននាក់រស់នៅ។ បន្ទាប់ពីកម្ពស់ទឹកជំនន់បង្កឡើងដោយភ្លៀងមូសុង ហក់ឡើងដល់ ១.៨ម៉ែត្រ នៅតាមតំបន់មួយចំនួន។ ប្រធានស្ដីទីរូបនេះ​ បានបញ្ជាក់បន្ថែមថា​ បច្ចុប្បន្ន មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ។​ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ខាងលើ កើតមានឡើងនៅចំពេល ប្ពុប្រទេស​មួយ​នេះ​ កំពុងតស៊ូប្រយុទ្ធជាមួយ COVID-19 ដោយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលមានអ្នកស្លាប់ និងឆ្លង COVID-19 ច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕ដោយ​៖ស​ តារា​


ចែករំលែក៖