ខេត្តបន្ទាយមានជ័យ៖ មេខ្យល់ម្នាក់ជាអ្នករត់ការនាំពលករឆ្លងដែនពីប្រទេសកម្ពុជាទៅប្រទេសថៃដោយខុសច្បាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការចាត់ការនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
គួរបញ្ជាក់ឡើងវិញថា នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាតក្នុងភូមិសាស្រ្តក្រុង និងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយបានឃាត់ខ្លួនពលករឆ្លងដែនដោយខុសច្បាប់ចំនួន៧នាក់ នៅចំណុចមុខបុរីធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពលករទាំងនោះត្រូវមេខ្យល់បម្រុងនាំឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ។ ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាននាំពលករទាំង៧នាក់មកមូលដ្ឋានដើម្បីសួរនាំ។
លោកវរសេនីយ៍ឯកម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីសាកសួររួចពលករខាងលើបានដឹងពីតម្រុយមេខ្យល់ដែលបម្រុងនាំពលករឆ្លងដែនទៅប្រទេសថៃ រួចក៏នាំពលករទាំងនោះទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រហ្មនិមិត្ត ក្នុងក្រុងប៉ោយប៉ែត ហើយបន្តស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងបានឃាត់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ ឃីន ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ និងដកហូតវត្ថុតាងរថយន្ត១គ្រឿងម៉ាកតូយ៉ូតាកាមរី ពណ៌បៃតងចាស់ រួចនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសាកសួរ។
លោកវរសេនីយ៍ឯកម៉ែន ភិរម្យ បានបន្តទៀតថា ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទំនាក់ទំនងជាមួយពលករទាំង៧នាក់ដើម្បីឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃពិតប្រាកដមែន តាមរយៈដឹកតាមរថយន្តម៉ាកកាមរីដែលសមត្ថកិច្ចបានដកហូតខាងលើក្នុងទិសដៅយកចេញតាមច្រកម៉ាឡៃ ដោយយកតម្លៃឈ្នួលដឹកក្នុងម្នាក់២០ម៉ឺនរៀល។ ដោយផ្អែកលើការឆ្លើយបំភ្លឺរបស់ពលករទាំង៧នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យ បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ឃីន ផល្លា និងរថយន្តត្រូវបានកម្លាំងជំនាញខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ដោយ៖ស សម