ការឆ្លងរាលដាលកូវីដ-១៩ នៅទូទាំងពិភពលោក មកទល់យប់ថ្ងៃទី ២៥ខែកុម្ភៈ បានកើនឡើងដល់ទៅជាង១១៣លាននាក់ និងស្លាប់ជាង២,៥លាននាក់ ។ ប្រទេសនៅជុំវិញពិភពលោក បានខិតខំ ប្រជែងគ្នាដើម្បីបានវ៉ាក់សាំង មកចាក់ជូនពលរដ្ឋ ឲ្យបានលឿនបំផុត ដើម្បីទប់ស្កាត់ ការឆ្លង និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
ជាមួយគ្នានេះវ៉ាក់សាំងរបស់ចិន បានបញ្ជូនទៅកាន់ប្រទេសជាច្រើន ជុំវិញពិភពលោក ទាំងទ្វីបអាស៊ីរហូតដល់អាហ្វ្រិក។ នៅពេលនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅថ្ងៃ២៥ខែកុម្ភៈ បាននិយាយថា មានប្រទេសជាច្រើនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ចិន ហើយប្រទេសចិននឹងបន្តលើកកម្ពស់ការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌នៅទូទំាងសកលលោក។
លោក Zhao បាននិយាយនៅក្នុងសន្និសីទកាសែតថា ប្រទេសចិនបានដាក់តម្កល់នូវសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងជាចម្បង ហើយបានធ្វើការឲ្យប្រាកដថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនានា ត្រូវធ្វើការស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំងដោយគោរពតាមបទបញ្ញត្តិនៃវិទ្យាសាស្ត្រសុខាភិបាល។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានបន្ថែមថា ប្រទេសចិនប្តេជ្ញាថា នឹងធ្វើឲ្យវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាទំនិញសាធារណៈសកល។ ប្រទេសចិនបានផ្តល់ឬកំពុងផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសចំនួន ៥៣ប្រទេសនៅទូទាំងពិភពលោក ខណៈសហគ្រាសចិនបាននិងកំពុងនាំចេញវ៉ាក់សាំងទៅប្រទេសចំនួន២៧ប្រទេស។
លោក Zhao បានមានប្រសាសន៍យ៉ាងដូច្នេះថា«យើងនឹងបន្តធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីលើកកម្ពស់ការចែកចាយវ៉ាក់សាំង ប្រកបដោយសមធម៌ និងរួមដៃគ្នាជាមួយប្រទេសទាំងអស់ ដើម្បីជៀសផុតពីជំងឺរាតត្បាតសកលមួយនេះ»។តាមរបាយការណ៍ដដែលនេះបានឲ្យដឹងថា ប្រទេសម៉ុងហ្គោលី អេហ្ស៊ីប ថៃ សិង្ហបុរី សាធារណរដ្ឋដូមីនីក និងប្រទេសបូលីវី គឺជាក្រុមប្រទេសចុងក្រោយបង្អស់ ដែលបានទទួលជំនួយវ៉ាក់សាំងពីចិន៕ដោយ៖ធីរីណា
រូបភាព៖ AFP/TTXVN