ភ្នំពេញ, លោកមាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការចេញសេចក្តីថ្លែងការណ៍រួមរបស់ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) និងក្លឹបអ្នកសារព័ត៌មានបរទេសកម្ពុជា (OPCC) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺហាក់ដូចជាបានដើរហួសពីតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកសារព័ត៌មាន។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់បន្ថែមថា ៖ “ក្រុមអ្នកសារព័ត៌មានមួយក្រុមតូចនេះ តែងតែបង្ហាញនូវការជំទាស់ទៅនឹងការសម្រេចនានា ក៏ដូចជាការអនុវត្តច្បាប់ ទៅតាមនីតិវិធីច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។ និយាយជារួម ការចេញសេចក្តីថ្លែងការណ៍នេះ បានបង្ហាញពីការជ្រៀតជ្រែកទៅលើស្ថាប័នមួយរបស់កម្ពុជា ដែលជាស្ថាប័នឯករាជ្យ ហើយសេចក្តីថ្លែងការណ៍នេះ ក៏បានធ្វើឱ្យសាធារណៈមតិមានការយល់ច្រឡំផងដែរអំពីការអនុវត្តទៅតាមនីតិវិធីច្បាប់របស់ស្ថាប័នដែលមានសមត្ថកិច្ច”។
ក្នុងនាមក្រសួងព័ត៌មានអ្នកនាំពាក្យ លោកបានអំពាវនាវដល់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាន ដែលកំពុងប្រតិបត្តិវិជ្ជាជីវៈសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវគោរពទៅតាមច្បាប់ លិខិតបទដ្ឋាន ដែលមានជាធរមាន គោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មានដោយលោកមាស សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា ៖ “សូមអ្នកសារព័ត៌មាន កុំដើរតួជាសកម្មជនប្រឆាំងរាល់ការសម្រេចនានា របស់ស្ថាប័នមានសមត្ថកិច្ច ឬរាជរដ្ឋាភិបាល”។
នៅក្នុងថ្ងៃដដែលនេះលោកគឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសារច្រានចោលសេចក្តីថ្លែងការណ៍រួមរបស់ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) ដែលទាមទារឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង និងទម្លាក់ចោលការចោទប្រកាន់លើអ្នកកាសែត The Cambodia Daily ចំនួន ០២រូប។
លោកគឹម សន្តិភាព បានបញ្ជាក់ថា ៖ “ការផ្សាយព័ត៌មានដោយមិនលំអៀង គឺជារឿងត្រឹមត្រូវ តែសំខាន់ តើព័ត៌មានមុនហ្នឹងផ្សាយមានបានផ្ទៀងផ្ទាត់ដែរឬទេ? ក្នុងន័យនេះ ខ្ញុំសូមជម្រាបជូនឱ្យបានច្បាស់លាស់ថា៖
ទី១ ការទាមទារឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង ឬតុលាការទម្លាក់ចោលបទចោទប្រកាន់ របស់ខេមបូចា គឺជាទម្រង់មួយនៃការប៉ុនប៉ងជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យរបស់ខ្មែរ។ ទី២ ជនត្រូវចោទ ឬជនជាប់ចោទ មានសិទ្ធិដឹងអំពីបទចោទប្រកាន់មកលើខ្លួន មានសិទ្ធិពឹងពាក់មេធាវីការពារខ្លួន ហើយមេធាវីមានសិទ្ធិដឹងអំពីសំណុំរឿង និងកិច្ចដំណើរការសំណុំរឿ។ ទី៣ ខេមបូចា ដែលតាំងខ្លួនជាអ្នកពូកែ ជួយប្រាប់មើលថា តើនៅស្រុកណា ដែលព្រះរាជអាជ្ញា ត្រូវយកភស្តុតាងនៃសំណុំរឿងមកបង្ហាញខេមបូចា មុននឹងដំណើរការចោទប្រកាន់ ឬត្រូវទៅរាយការណ៍ជូនខេមបូចា ពីដំណើរការនីតិវិធី?”។
លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមទៀតថា តាមពិតអ្វីដែលខេមបូចា ត្រូវធ្វើមុនដំបូងគេបង្អស់ ហើយក៏ជាអ្វីដែលខេមបូចា ត្រូវឆ្លើយដោយខ្លួនឯងអោយបានច្បាស់ គឺថា តើខេមបូចា បានអនុវត្ត និងបានបំពេញគ្រប់តាមលក្ខខណ្ឌនៃច្បាប់ព្រះរាជាណាចក្រកម្ពុជាដែរឬទេ?
សូមរម្លឹកថា អង្គការ-សមាគមអ្នកសារព័ត៌មានចំនួន០៣ខាងលើ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ទាមទារឱ្យមានការទម្លាក់បទចោទលើអតីតអ្នកយកព័ត៌មានកាសែត ឌឺ ខេមបូឌា ដេលី (The Cambodia Daily) ចំនួន ០២រូប គឺលោក អូន ភាព និង លោក Zsombor Peter៕
ដោយ៖ សូរិយា