ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាប្រទះឃើញទូកដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៩០នាក់អណ្តែតនៅលើដែនសមុទ្រ

ចែករំលែក៖

ឥណ្ឌា បានបញ្ជូននាវាយាមល្បាតពីរគ្រឿងទៅជួយដល់ជនភៀសខ្លួន រ៉ូហ៊ីងយ៉ាដែលអណ្តែតនៅលើដែនសមុទ្រ ដោយបានផ្តល់ជាអាហារ ទឹកផឹក និងថែរក្សាសុខាភិបាល។
តាមសារព័ត៌មាន TTXVN បានផ្សាយថា នៅថ្ងៃទី ២៥ខែកុម្ភៈ កម្លាំងការពារដែនសមុទ្រឥណ្ឌា បានប្រកាសថា បានរកឃើញទូកមួយអណ្តែកកណ្តាលសមុទ្រ Andaman ដោយមានជនជាតិរ៉ូហ៊ីងយ៉ា៩០នាក់ ក្នុងនោះមាន មនុស្ស៨នាក់បានស្លាប់។
អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស UNHCR លោកស្រី Catherine Stubberfield បានឲ្យដឹងថា អង្គការនេះវាយតម្លៃខ្ពស់ដល់សកម្មភាពមនុស្សធម៌និងការខិតខំរបស់កម្លាំងទាហានជើងទឹកឥណ្ឌា ជួយដល់ក្រុមជនជាតិ រ៉ូហ៊ីងយ៉ា ។
អង្គការ UNHCR បានបញ្ជាក់ថា «ដោយសារតែជនភៀសខ្លួនរសាត់អណ្តែតនៅលើដែនសមុទ្រច្រើនថ្ងៃ ដូច្នេះការបញ្ជូនពួកគាត់ឡើងនាវា គឺជារឿងដំបូងដែលត្រូវធ្វើ ដើម្បីថែរក្សាសុខភាព និងផ្តល់អាហារជាមុន។
ទូកដឹកជនភៀសខ្លួនខាងលើ បានចាកចេញពីទីក្រុង Cox’s Bazar ប្រទេសបង់ក្លាដែស នៅថ្ងៃទី១១ខែកុម្ភៈ ដោយមានជនភៀសខ្លួន៩០នាក់ ក្នុងនោះមានកុមារ២៣នាក់ ។ ក្នុងពេលធ្វើដំណើរ ម៉ាស៊ីននៅលើទូកក៏បានខូចក្រោយការធ្វើដំណើរបាន៤ថ្ងៃ។
ក្រោយការរកឃើញកម្លាំងទាហានឥណ្ឌាបានបញ្ជាក់ថា បានរកឃើញមនុស្ស៨១នាក់នៅរស់និង៨នាក់ស្លាប់ ម្នាក់បាត់ខ្លួន ។ នៅពេលនេះ កម្លាំងទាហានឥណ្ឌា បានបញ្ជូនជនភៀសខ្លួនទាំងនោះឡើងគោកវិញដោយសុវត្ថិភាព៕ ដោយ ៖ធីរីណា

រូបភាព៖ Reuters

 


ចែករំលែក៖