យន្តហោះ Boeing 777 បានចុះចតជាបន្ទាន់នៅទីក្រុងមូស្គូប្រទេសរុស្ស៊ី នាព្រឹកថ្ងៃទី ២៦ខែកុម្ភៈ ក្រោយអាកាសយានិកបានផ្តល់ព័ត៌មានថា ម៉ាស៊ីនមានបញ្ហា។
សារព័ត៌មាន Interfax របស់រុស្ស៊ីបានផ្សាយថា អាកាសយានិកបញ្ជាយន្តហោះប៊ូអុីង៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Rossiya របស់រុស្ស៊ី បានផ្តល់ព័ត៌មានថាមានបញ្ហាម៉ាស៊ីនខាងឆ្វេង ហើយស្នើចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Sheremetyevo ។
យន្តហោះខាងលើហោះហើរចេញពីកោះហុងកុង ទៅកាន់ទីក្រុងម៉ាឌ្រិដ ប្រទេសអេស្ប៉ាញ ហើយចុះចតនៅក្នុងប្រទេសរុស្ស៊ីដោយសុវត្ថិភាពមិនមានអ្នកណារងរបួសនោះឡើយ។ យន្តហោះខាងលើដឹកទាំងទំនិញនិងអ្នកដំណើរ ។ មិនបានបញ្ជាក់ថា យន្តហោះខាងលើមានអ្នកដំណើរប៉ុន្មាននាក់នោះឡើយ។
កន្លងមកថ្មីៗ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Denver ក្រោយផ្ទុះឆេះម៉ាស៊ីន ធ្លាក់បំណែកជាច្រើនលើផ្ទះពលរដ្ឋ។ ការស្រាវជ្រាវជាបឋមបង្ហាញឲ្យឃើញថា កង្ហារម៉ាស៊ីនសឹកទើបបណ្តាលឲ្យមានហេតុការណ៍បែបនេះកើតឡើង ។
ក្រៅពីអាមេរិក នៅហុល្លង់ និងមួយគ្រឿងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta ក៏បានឆេះម៉ាស៊ីនដូចគ្នាដែរ ។ ដោយមានបញ្ហាដូចៗគ្នា ក្រុមហ៊ុនផលិតយន្តហោះ ប៊ូអុីងបានសម្រេចឲ្យផ្អាកការហោះហើយយន្តហោះប្រភេទ Boeing 777 ទាំងអស់ដើម្បីបើកការស្រាវជ្រាវ៕ ដោយ៖ ធីរីណា
រូបភាព៖ Flickr