ស្ត្រីរកស៊ីផ្លូវភេទ គឺជាបុគ្គលងាយចម្លងកូវីដ-១៩ខ្ពស់បំផុត ដោយមានមនុស្សចេញចូលក្នុងផ្ទះបន រាប់ពាន់នាក់ក្នុងមួយថ្ងៃ។ នៅពេលនេះរដ្ឋាភិបាលបង់ក្លាដែសចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយចាប់ផ្តើមចេញពីផ្ទះបនធំបំផុតក្នុងប្រទេសនេះដោយមានស្ត្រីបម្រើផ្លូវភេទ ដល់ទៅ១៩០០នាក់។
តាមសារព័ត៌មាន AFP បានផ្សាយថា គិតមកទល់ពេលនេះ ប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីភាគខាងត្បូងមួយនេះ បានចាក់វ៉ាក់សាំងជូនពលរដ្ឋជិត៣លាននាក់ហើយ ដោយចាក់ទៅលើមនុស្សមានវ័យលើសពី៤០ឆ្នាំឡើង ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ។ នៅពេលនេះ មន្ត្រីគ្រប់គ្រងការចាក់វ៉ាក់សាំងក៏បានលុបចោលការកំណត់អាយុ ដើម្បីចាក់ជូនក្រុមស្ត្រីរកស៊ីផ្លូវភេទ នៅទីក្រុង Daulatdia ។
សារព័ត៌មាន AFP បានផ្សាយថា មកទល់ពេលនេះមានស្ត្រីរកស៊ីផ្លូវភេទ១០០នាក់ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការចាក់វ៉ាក់សាំងដល់ស្ត្រីរកស៊ីផ្លូវភេទគឺជារឿងចាំបាច់បំផុត ដោយនៅទីនោះមានមនុស្សរាប់ពាន់នាក់ចេញចូលជារៀងរាល់ថ្ងៃ អាចប្រឈមនិឹងការឆ្លងខ្ពស់ ប្រសិនបើស្ត្រីរកស៊ីផ្លូវភេទនៅទីនោះវិជ្ជមានកូវីដ-១៩ ។
បង់ក្លាដែសចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅដើមខែកុម្ភៈឆ្នាំ២០២១ ដោយផ្តល់អាទិភាពចាក់ជូនមនុស្សចាស់ ក្រុមគ្រូពេទ្យ និងកម្លាំងសន្តិសុខ ។ នៅពេលនេះ រដ្ឋាភិបាលក៏បានសម្រេចដាក់បញ្ជូលក្រុមស្ត្រីរកស៊ីផ្លូវភេទជាបុគ្គលងាយរងគ្រោះបំផុត។
បង់ក្លាដែសគឺជាប្រទេសអ៊ិស្លាម ដែលអនុញ្ញាតឲ្យមានវិស័យឧស្សាហកម្មផ្លូវភេទស្របច្បាប់ ដោយអនុញ្ញាតឲ្យស្ត្រីចាប់ពីអាយុ១៨ឆ្នាំឡើង។ ប្រទេសនេះមានផ្ទះបនចំនួន១១ ដំណើរការស្របច្បាប់បង់ពន្ធជូនរដ្ឋ ។ ក្នុងផ្ទះបននិីមួយៗមានស្ត្រីរកស៊ីផ្លូវភេទ ជាង១ពាន់នាក់។
មកទល់ពេលនេះបង់ក្លាដែស មាន អ្នកឆ្លងកូវីដ-១៩ ជាង៥៤៥ពាន់នាក់ និងស្លាប់ជាង ៨៣០០នាក់៕ដោយ៖ ធីរីណា
រូបភាព៖ AFP