ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន នៅរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, “បច្ចុប្បន្ននេះ កម្ពុជា ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនីមួយៗ ហេីយ វ៉ាក់សាំងកូវីដ-១៩ តែមួយមុខ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លេីយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ នោះឡេីយ”។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន សូមអរគុណនូវការលេីកឡេីងរបស់បណ្ឌិត ឆេង គឹមឡុង អនុប្រធានទីពីរនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ស្តីពីជម្រុញរាជរដ្ឋាភិបាល ពន្លឿនការចាក់វ៉ាក់សាំងនៅចំពោះមុខការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែសូមកុំភ្លេចថា បច្ចុប្បន្ននេះ កម្ពុជា ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនីមួយៗ ហេីយ វ៉ាក់សាំងកូវីដ-១៩ តែមួយមុខ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លេីយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ នោះឡេីយ។
លោកស្រីបានថ្លែងរំលឹក, ការវ៉ៃឈ្នះកូវីដ-១៩ នៅពេលនេះ មិនមែនរំពឹងលេីតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ។
អ្នកនាំពាក្យខាងលើបានបញ្ជាក់ទៀតថា, វិធានការរួមគ្នា មាន ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ = បង្កេីតបាននូវកងការពារដ៏រឹងមាំសម្រាប់បុគ្គល ក្នុងការការពារពីភាពធ្ងន់ធ្ងរសុខភាពដែលអាចកេីតមានឡេីងពីការវ៉ៃលុករបស់វីរុសកូវីដ-១៩ និងកាត់បន្ថយបាននូវបន្ទុកចូលសម្រាកពេទ្យផង និងកាត់បន្ថយបានជាអតិប្បរិមានូវការកេីតជំងឺនេះក្នុងសហគមន៍ផង។
លោកស្រីបានលើកឡើងទៀតថា, ដូច្នេះ ការចាក់វ៉ាក់សាំង ក៏កំពុងតែធ្វេីជាបន្តបន្ទាប់ ( អាស្រ័យលេីចំនួនវ៉ាក់សាំងដែលមានបច្ចុប្បន្ន) គួបគ្នាជាមួយនិងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ដេីម្បីឆ្លេីយតបនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ។
សូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការខាងលេី ទោះជាមិនទាន់ដល់វេនចាក់វ៉ាក់សាំងក៏ដោយ (សូមអធ្យាស្រ័យដោយវ៉ាក់សាំងទទួលបានមានកម្រិតចំនួន) ក៏មិនត្រូវរងចាំតែវ៉ាក់សាំង ហេីយភ្លេចខ្លួន ឫមិនបានអនុវត្តន៍វិធានការការពារខ្លួន ៣ការពារ និង ៣កុំ នោះឡេីយ។ មានតែ ៣ការពារ និង ៣កុំ ដែលជួយលោកអ្នកបានរួចផុតពីការចម្លងវីរុសកូវីដ-១៩ ហេីយដល់វេនចាក់វ៉ាក់សាំង សូមស្ម័គ្រចិត្តទីចាក់ ដេីម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារខ្លួន និងសុខភាពសហគមន៍របស់ខ្លួនផងដែរ។
សូមបញ្ជាក់ផងដែរថា , នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានបានឲ្យដឹងថា , កម្ពុជារកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៣៩ នាក់ និងមិនមានអ្នកជាសះស្បើយឡើយ នៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១៕
ដោយ៖ សិលា