ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​ ប្រកាសច្រានព័ត៌មានប្រឌិតថា នាយនគរបាលម្នាក់ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចធ្លាក់ខ្លួនពិការជើង

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមការអះអាងពីលោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណា​ឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​នៅរសៀល​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានប្រឌិតថា មាននាយនគរបាលម្នាក់ នៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ធ្លាក់ខ្លួនពិការជើង ក្រោយចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន។ 

បើតាមលិខិតបដិសេធ​របស់លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណា​ឌីន​និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបដិសេធខ្លឹមសារដែលបានបង្ហោះខាងលើទាំងស្រុង នៅលើគណនី Facebook ឈ្មោះ Chhun Vean II និងបកស្រាយបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ជា ឧត្តម បម្រើការងារនៅក្នុងនាយដ្ឋានសន្តិសុខផ្ទៃក្នុង មានជំងឺគៀបសរសៃប្រាសាទឆ្អឹងខ្នង (Hernir Crural) និងលើសអាស៊ីតធ្ងន់ធ្ងរជាយូរមកហើយ និងថ្មីៗនេះបានបណ្តាលឲ្យប៉ះពាល់សរីរាង្គផ្នែកខាងក្រោមចង្កេះ ធ្វើឲ្យជើងទាំងពីរស្លឹកទន់ដើរពុំរួច។

ក្នុងលិខិតដដែលនេះបន្ថែមថា ដោយមានការយកចិត្តទុកដាក់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំនាយកដ្ឋាន បាននាំយកថវិកា និងសម្ភារមួយចំនួន ទៅសួរសុខទុក្ខ និងផ្តល់ជូន លោកឧត្តមសេនីយ៍ត្រី ជា ឧត្តម។ ប៉ុន្តែបែរជាមានជនខិលខូចមួយចំនួន ក្នុងនោះ មានគណនី Facebook ឈ្មោះ Chhun Vean II បានយកព័ត៌មាននេះ ទៅផ្សព្វផ្សាយខុសការពិតទៅវិញ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ជា ឧត្តម ពុំដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ទេ និងពុំមានលក្ខខណ្ឌគ្រប់គ្រាន់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមានជំងឺប្រចាំកាយ។

គួរបញ្ជាក់ថា​ ជុំវិញបញ្ហានេះដែរ​នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក៏បាបថ្កោលទោសចំពោះការបង្ហោះព័ត៌មាន ដែលមានចរិតញុះញង់ខុសការពិតនេះ និងតម្រូវឲ្យម្ចាស់គណនីខាងលើ ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈ បើមិនដូច្នោះទេ នាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕ដោយ​៖ស​ តារា​


ចែករំលែក៖