ភ្នំពេញ ៖ ក្រុមហ៊ុន NAGA Corp Ltd នៅព្រលប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជនឲ្យបានជ្រាបថា កាស៊ីណូ NAGA World ដែលនៅមូលដ្ឋាននៅរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងការរកឃើញចំនួន១១ករណីនៅលើបុគ្គលិក និងភ្ញៀវ ដែលចូលមកលេង នៅកាស៊ីណូ ។
ក្រុមហ៊ុន NAGA Corp Ltd បានបញ្ជាក់ថា, បុគ្គលិកក្រុមហ៊ុនប្រមាណ៣០០០នាក់ ត្រូវបានតេស្តសំណាករកជំងឺកូវីដ-១៩ ដោយក្នុងនោះក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ចំនួន១១ករណី នៅលើបុគ្គលិក និងភ្ញៀវទេសចរណ៍ ដូច្នេះក្នុងនាមក្រុមហ៊ុនធ្វើអាជីវកម្មប្រកបដោយ ទំនួលខុសត្រូវ ក្រុមហ៊ុនស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់បន្ថែមទៀត អំពីវិធានការបង្ការ និងទប់ស្កាត់ដល់និយោជក និងភ្ញៀវទាំងអស់ដែលមកកាន់ទីនេះ។
ក្រុមហ៊ុននឹងបើកដំណើរការអាជីវកម្មឡើងវិញ នៅក្រោយពីស្ថានភាព និងវិធានការការពារជំងឺកូវីដ-១៩បានល្អប្រសើរ ព្រមទាំងនឹងពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលផងដែរ។
សូមអានសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Naga Corp Ltd. ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៕
ដោយ៖ សិលា