ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ទទួលអំណោយពីសប្បុរសជន ម៉ាស៊ីនវាស់កម្ដៅបាញ់អាល់កុលដើម្បីចែកបន្ដជូនផ្សារទាំង២៥ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ម៉ាស់ជាច្រើនម៉ឺនម៉ាស់ និងទឹកសម្លាប់ មេរោគជាច្រើនពាន់ដបតូចរបស់ក្រុមហ៊ុនឯកជនមួយបានប្រគល់ជូនរដ្ឋបាលរាជ ធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

     ពិធីប្រគល់និងទទួលអំណោយរបស់ក្រុមហ៊ុនឯកជនខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី០៣ខែមីនាឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលអំណោយទាំងនេះរួមមាន ម៉ាស់ចំនួន១០ម៉ឺនម៉ាស់និងទឹកសម្លាប់មេរោគចំនួន ២២៥០ដបតូច ។ 

     លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន អ អេស អិលនិងក្រុមហ៊ុនឯកជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។

     នៅរសៀលថ្ងៃដដែលនោះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បាន ប្រគល់ម៉ាស៊ីនវាស់កំដៅ និងបាញ់អាល់កុលជូនទៅផ្សារទាំង២៥ នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយក្នុងមួយផ្សារទទួលបានម៉ាស៊ីនវាស់កម្ដៅនិងបាញ់អាល់កុលចំនួន២គ្រឿងនិងបដាអប់រំចំនួន៤ផ្ទាំងដែលម៉ាស៊ីនវាស់កម្ដៅនិងបាញ់អាល់កុលជាមួយនឹងបដាអប់រំពាក់ព័ន្ធការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះបានមកពីការជួយឧបត្ថមពីក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ JTI កម្ពុជា ដែលបានផ្តល់ជូនមករដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ៕

ដោយ៖សំរិត


ចែករំលែក៖