ទីតាំងទាហានអាកាស Ain Al Asad របស់ប្រទេសអុីរ៉ាក់ ដែលមានទាហានអាមេរិកឈរជើងនៅទីនោះរងការវាយប្រហារដោយរ៉ុក្កែត ដល់ទៅ១៣គ្រាប់នាថ្ងៃទី៣ខែមីនាឆ្នាំ២០២១។ នេះជាករណីវាយប្រហារដោយរ៉ុក្កែត លើកទីពីរហើយ ក្នុងរយៈពេល ៣ថ្ងៃដើមខែមីនា ។ ហេតុការណ៍វាយប្រហារខាងលើកើតឡើងមុនពេលដែលសម្តេចសង្ឃកាតូលិច Francis នឹងបំពេញទស្សនកិច្ចទៅកាន់អុីរ៉ាក់ នាថ្ងៃទី៥ខែមីនា ។
ទីបញ្ជាការ កម្លាំងទាហានអាកាសអុីរ៉ាក់ បានបញ្ជាក់ថា មានរ៉ុក្កែតដល់ទៅ១៣គ្រាប់ វាយប្រហារចេញពីទីតាំង មួយនៅចម្ងាយទីទីតាំងយោធា Ain Al Asad ប្រមាណ៨គីឡូម៉ែត្រប៉ុណ្ណោះ ។ ទីតាំងនោះស្ថិតនៅក្នុងខេត្ត Anbar ភាគខាងលិចប្រទេសអុីរ៉ាក់។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់និងរបួស ក៏ដូចជាខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។
កាលពីថ្ងៃទី១៦ខែកុម្ភៈ មានករណីវាយប្រហារ ដោយរ៉ុក្កែតទៅលើកម្លាំងទាហាន សម្ពន្ធមិត្តដឹកនាំដោយអាមេរិក ។ ការវាយប្រហារនោះ បណ្តាលឲ្យបុគ្គលិកម្នាក់ធ្វើការតាមកិច្ចសន្យាឲ្យទាហានអាមេរិកស្លាប់ និងទាហានអាមេរិកម្នាក់រងរបួស។
ក្រោយការវាយប្រហារ កាលពីចុងខែកុម្ភៈ កម្លាំងទាហានអាមេរិកបានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងក្រុមឧទ្ទាម Saraya Awliya al-Dam ដែលមានអុីរ៉ង់នៅពីក្រោយខ្នង ។ ក្រុមនេះដែរបានប្រកាសទទួលស្គាល់ជាអ្នកបើកការវាយប្រហារ កាលពីថ្ងៃទី១៦ខែកុម្ភៈ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក លោក John Kirby កាលពីថ្ងៃទី២ខែកុម្ភៈ បានប្រកាសថា កម្លាំងទាហានអុីរ៉ាក់ម្នាក់ស្លាប់និង ២នាក់រងរបួស ក្នុងការវាយប្រហារ តាមដែនអាកាសនៅព្រំដែនអុីរ៉ាក់និងស៊ីរី។ ចំណែកការវាយប្រហារក្បែរទីតាំង យោធា Albu Kamal បណ្តាលឲ្យអគារកម្ពស់៩ជាន់រងការខូចខាត។ទីតាំងយោធាខាងលើ ត្រូវបានកម្លាំង ប្រដាប់អាវុធស្និទ្ធអុីរ៉ង់ ប្រើប្រាស់៕ដោយ៖ធីរីណា
រូបភាព៖ Zingnews