សមាគមបាល់ទាត់ជប៉ុន (JFA) បានឲ្យដឹងកាលពីម្សិលមិញថាក្រុមបាល់ទាត់បុរសរបស់ជប៉ុននឹង រៀបចំការប្រកួតមិត្តភាពរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍អូឡាំពិកដោយមានការប្រកួតមិត្តភាពចំនួន២ទល់នឹងក្រុមជម្រើសជាតិអាយុក្រោម២៤ឆ្នាំមកពីប្រទេសអាហ្សង់ទីននៅចុងខែនេះ។
សារព័ត៌មាន CNA បានផ្សាយថា ការប្រកួតលើកដំបូងនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន Ajinomoto ទីក្រុងតូក្យូនាថ្ងៃទី២៦ ខែមីនាមុនពេលដែលក្រុមទាំង២ត្រូវជួបគ្នាម្តងទៀតក្នុងរយៈពេល៣ថ្ងៃក្រោយនៅឯកីឡដ្ឋាន Mikuni World ក្នុងទីក្រុង Kitakyushu ខេត្ត Fukuoka ។
សមាគមបាល់ទាត់ជប៉ុនបានប្រកាសថា ជាមួយនឹងប្រទេសជប៉ុនបានរារាំងជាបណ្ដោះអាសន្នដល់អត្តពលិកបរទេសដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺកូវីដ-១៩ ដែលការប្រកួតទាំងនេះគឺអាស្រ័យលើការដកការរឹតត្បិតរបស់រដ្ឋាភិបាល ឬផ្តល់ការលើកលែងពិសេស។
សារព័ត៌មាន Nikkei របស់ជប៉ុនបានរាយការណ៍កាលពីសប្តាហ៍មុនថាការប្រកាសអាសន្ននៅក្នុងប្រទេសជប៉ុនគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមីនាជាមួយនឹងការហាមឃាត់ការធ្វើដំណើរពីអត្តពលិកបរទេសផងដែរ។
ប្រទេសអាហ្សង់ទីនដែលជាម្ចាស់ជើងឯកអូឡាំពិកឆ្នាំ២០០៤ និងឆ្នាំ២០០៨ បានធានានូវលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដាក្នុងនាមជាអ្នកតំណាងម្នាក់ក្នុងចំណោមប្រទេសតំបន់អាមេរិកខាងត្បូងចំនួន២ រួមជាមួយប្រទេសប្រេស៊ីល ៕
ដោយ៖ ភារៈ