ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ​សណ្ឋាគារ​សុខា ដែល​លួច​ជម្លៀស​នារីជនជាតិ​ចិន​ ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័​ក​ ពេលនេះបញ្ជូនទៅអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បីអនុវត្តនីតិវិធី

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ នៅថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២១នេះ​ បានបញ្ជូនខ្លួនបុរសម្នាក់​ ដែលជាសន្តិសុខ​នៅ​សណ្ឋាគារ​សុខា បន្ទាប់ពីរូបគាត់បាន​លួចលាក់​ជម្លៀស​ជនជាតិ​ចិន​ស្រី​ៗ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័​ក ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ផ្ទុះ​ឡើង​នូវ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ជា​លើក​ទី​៣ ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ចាត់ការតាមច្បាប់ ក្រោយ​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​។

មន្រ្តីកងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ បានឲ្យដឹងថា​ ជនសង្ស័យ​មានឈ្មោះ រ៉ែ​ន សុធា​រ៉ា ភេទ​ប្រុស អាយុ​៣៨ មុខរបរ​សន្តិសុខ​សណ្ឋាគារ​សុខា មាន​អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន ផ្ទះ​ជួល​ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។

មន្រ្តីដដែល​ បន្ត​ថា ជនសង្ស័យ​រូប​នេះ ត្រូវ​បាន ក្រុម​គ្រូពេទ្យ ប​ញ្ចូ​ន​ខ្លួន​ទៅ មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័​ក​១៤​ថ្ងៃ ក្រោយ​បុរស​រូប​នេះ បាន​ប៉ះពាល់​ដោយ​ប្រយោល​ជា​មួយស្រ្តី​ជនជាតិ​ចិន ដែល​រូបគេ​បាន​លួចលាក់​ជម្លៀសឲ្យចេញពី​ទីតាំង​ច​ត្តា​ឡី​ស័​ក នៅ​សណ្ឋាគារ​សុខា រាជធានីភ្នំពេញ។​ ក្រោយ​លទ្ធផល​១៤​ថ្ងៃ ឃើញ​ថា​រូបគេ អវិជ្ជមាន​កូ​វី​ដ​១៩ ទេីប​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ប​ញ្ជូ​ន​ខ្លួន​បន្តទៅ​កាន់អនុគណ​:​ក​ម្មា​ការ ស្រាវជ្រាវ និង​តាមដាន​បុគ្គល ស​ង្ស័​យថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ដែល​មាន​ទីបញ្ជាការ​ស្ថិត​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​បន្ត​និីតិ​វិធី​តែ​ម្តង ។

គួររម្លឹកដែរថា​ កាលពី​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២១កន្លង​ទៅនេះ​ សន្តិសុខ​២​នាក់ នៅ​សណ្ឋាគារ​សុខា បាន​ជួ​យស​ម្រ​ប​សម្រួល​ឲ្យ​មានការ​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក នូវ​ជនជាតិ​ចិន ៤ នាក់ ដែល​ក្រោយមក​ស្ត្រីជន​ជាតិចិន​នោះ ត្រូវ​បាន​រក​ឃើញ​មាន​កូ​វី​ដ- ១៩ ដែល​នាំ​​ឲ្យ​កើត​មាន​ព្រឹត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ-១៩ ជាង ៤០០នាក់​គិត​ត្រឹម​ថ្ងៃ​ទី ៥ ខែមីនា​នេះ ។

គួរបញ្ជាក់ថា​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ ក៏បាន​អះអាង​ថា សន្តិសុខ​រូប​នេះ​ប្រឈម​នឹង​ការ​ពិន័យ ខណៈ​អ្នកជំនាញ​ច្បាប់​និង​មន្ត្រី​ជំនាញ​នៃ​ក្រសួងសុខា​ភិបាល កំពុង​ពិភាក្សា​និង​វាយតម្លៃ​លើ​ទោសទណ្ឌ​តាម​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល (​មួយ​គុណ​នឹង​ប្រាំ​) ៕

ដោយ​៖សហការី​


ចែករំលែក៖