ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារដែកធ្លាក់កម្ទេចបង្កជាអគ្គិភ័យឆាបឆេះ​អគារមន្ទីរសម្រាកព្យាបាល​និងសម្ភព​យីហោ ឈាង​ សេង

ចែករំលែក៖

       ភ្នំពេញ៖ ដោយសារកត្តាមនុស្សខ្វះការប្រុងប្រយ័ត្ន បានផ្សារដែកធ្លាក់កម្ទេចបង្កជាអគ្គិភ័យឆាបឆេះអគារមន្ទីរសម្រាកព្យាបាល​និងសម្ភព​យីហោ ឈាង សេង យ៉ាងសន្ធោសន្ធៅ នៅក្នុងបន្ទប់ជាន់ទី២។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៣​ តាមបណ្តោយផ្លូវ86K ក្រុម៩​ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ កិត​ អរ៉ាឌី​ ភេទស្រី​ អាយុ​ ​៤០ឆ្នាំ​ ជនជាតិខ្មែរ  មានមុខរបរជាអាជីវករ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជាងបានមកផ្សារដែកជួសជុលក្នុងបន្ទប់ ជាន់ទី២ ហើយដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យធ្លាក់កម្ទេចភ្លើងបង្កជាអគ្គិភ័យឆាបឆេះ រហូតទប់ស្កាត់មិនជាប់ ក៏រាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីទំនាក់ទំនងទៅកម្លាំងជំនាញ នៃការិយាល័យបង្ការ និងសង្គ្រោះ ពន្លត់អគ្គិភ័យចេញរថយន្តមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក​ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ៣គ្រឿងចេញមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់អស់២គ្រឿង អគ្គិភ័យក៏រលត់ទៅវិញ ជាស្ថាពរ មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្នុងហេតុការណ៍នេះ ខូចខាតតែសម្ភារខ្លះមានគ្រែ​ចំនួន១,​ សាឡូុងចំនួន១,ទូដាក់ខោអាវចំនួន១,​ អាសនៈចំនួន១​ និងពុំបណ្តាលឱ្យមានអ្នករងរបួសនោះទេ ហើយក៏មិនឆាបឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ ដោយអគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង ៣ និង ២៤នាទីនាថ្ងៃខែឆ្នាំដដែល៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖