នៅថ្ងៃទី៨ ខែមីនា បណ្តាហាង លក់ទំនិញ រោងចក្រ ធនាគារ …នៅទីក្រុង Yangon គឺបានបិទទ្វារទាំងអស់ ដើម្បីអំពាវនាវដល់ពលករ កម្មករចូលរួមធ្វើមហាបាតុកម្មនៅក្នុងថ្ងៃទិវានារីអន្តរជាតិ ៨មីនា។ នៅពេលនេះដែរ ស្ត្រីមីយ៉ាន់ម៉ាបានបើកយុទ្ធនាការចងសារុងពេញផ្លូវដើម្បីលើកកម្ពស់ស្ត្រីនិងប្រឆាំងការធ្វើរដ្ឋប្រហារពីយោធា។
ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងទាហានបានបាញ់ជាច្រើនគ្រាប់ទៅលើអាកាសដើម្បីព្រមាន ហើយបានត្រួតពិនិត្យរថយន្តទាំងអស់ដែលចេញចូលទីក្រុងដើម្បីបញ្ចៀសការប្រមូលផ្តុំគ្នាធ្វើបាតុកម្ម។
ចំណែកនៅទីក្រុង Mandalay ជាទីក្រុងធំទីពីរនៅក្នុងប្រទេសនេះ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ។ ចំណែកនៅក្នុងស្រុក Davei ស្ថិតនៅភាគខាងត្បូងប្រទេសនេះ ទទួលបានការការពារពីក្រុមប្រដាប់អាវុធ Karen ក្នុងពេលធ្វើបាតុកម្ម។ ក្រុមប្រដាប់អាវុធ Karen ធ្លាប់ប៉ះទង្គិចជាមួយកម្លាំងទាហានរដ្ឋាភិបាលជាច្រើនលើក មុនពេលចរចាសន្តិភាព។
នៅតំបន់ជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា ស្ត្រីបានចងព្យួរ htamain (សារុងប្រពៃណីរបស់ស្ត្រីមីយ៉ាន់ម៉ា) កាត់ទទឹងផ្លូវក្នុងទីក្រុង និងនៅតាមផ្លូវនាទិវានារីអន្តរជាតិ ជាការលើកកម្ពស់ដល់ស្ត្រី ក៏ដូចជាការប្រឆាំងនឹងការដឹកនាំដោយយោធាក្នុងប្រទេសនេះ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក មេដឹកនាំបាតុកម្មលោក Maung Saungkha បានអំពាវនាវដល់ស្ត្រី ទាំងអស់ក្រោកឡើងដើម្បីប្រឆាំងការធ្វើរដ្ឋប្រហារ ។ ជាមួយគ្នានេះ ស្ត្រីម្នាក់ឈ្មោះ Nay Chi គឺជាអ្នកផ្តួចផ្តើមគំនិតចងសារុងធ្វើបាតុកម្ម ប្រឆាំងយោធា។
អ្នកស្រី Nay Chi បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «ស្ត្រីយើងខ្ញុំគ្មានអាវុធឡើយ តែមានគំនិត។ ពួកគេ(យោធា) ព្យាយាមត្រួតត្រាមកលើការភ័យខ្លាចរបស់ពលរដ្ឋ ប៉ុន្តែ យើងនឹងតស៊ូជាមួយនឹងការភ័យខ្លាចទាំងនោះ»៕ដោយ៖ធីរីណា
រូបភាព៖Reuters