ព័ត៌មានទាន់ហេតុការណ៍៖

អាកាសយានិក និងអ្នកបម្រើវាយគ្នាពេលកំពុងហោះហើរ លទ្ធផលម្នាក់បាក់ធ្មេញម្នាក់បាក់ដៃ

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍ Donghai Airlines របស់ប្រទេសចិន បានប្រកាសថា បានផ្អាកការងាររបស់ អាកាសយានិក និងបុរសអ្នកបម្រើការលើយន្តហោះម្នាក់ ដោយសារតែ បានវាយតប់គ្នាក្នុងពេលកំពុងហោះហើរ ។
ការវាយគ្នារវាងអ្នកបើកបរនឹងអ្នកបម្រើការប្រុសនៅលើយន្តហោះ កើតឡើងក្រោយរយៈពេល ហោះហើរបានប្រមាណ៥០នាទីនៅលើជើងហោះហើរលេខ DZ6297 ហោះហើរចេញពីទីក្រុង ណានតុង ទៅកាន់តីអាន កាលពីថ្ងៃទី ២០ខែកុម្ភៈ មកម៉្លេះ ។
អាកាសយានិកដែលមិនប្រកាសឈ្មោះ ពេលនោះបានទៅប្រើប្រាស់បន្ទប់ទឹក ក៏មានអ្នកដំណើរអង្គុយនៅកៅអីលំដាប់ទីមួយក៏ចង់ទៅបន្ទប់ទឹកដែរ ។ អាកាសយានិកក៏បានស្នើដល់អ្នកដំណើរនោះទៅរង់ចាំនៅកៅអីអង្គុយ ប៉ុន្តែអ្នកដំណើរមិនព្រម។
ក្នុងពេលអាកាសយានិកចេញពីបន្ទប់ទឹកវិញក៏ឃើញអ្នកដំណើរនៅតែចាំនៅមុខបន្ទប់ទឹក ក៏ងាកទៅស្តីបន្ទោសបុគ្គលិកប្រុសដែលទទួលបន្ទុកសណ្តាប់ធ្នាប់កៅអីលំដាប់ទី១ថាមិនបំពេញភារកិច្ច បានល្អ ធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃការហោះហើរ។ ពេលនោះអ្នកទាំងពីរក៏បានឈ្លោះប្រកែកគ្នារហូតដល់ប្រើហិង្សា ។ តាមការផ្សាយលើបណ្តាញសង្គម អាកាសយានិកជាអ្នកវាយលើអ្នកបម្រើមុន ហើយលទ្ធផលនៃការវាយគ្នា អាកាសយានិកបាក់ធ្មេញមួយដើម ចំណែកអ្នកបម្រើប្រុសបាក់ដៃម្ខាង។ រីឯលទ្ធផលចុងក្រោយបង្អស់គឺអ្នកទាំងពីរត្រូវបានបញ្ឈប់ពីការងារ។
ក្រុមហ៊ុនអាកាសចរណ៍ Donghai Airlines នៅពីថ្ងៃទី៨ ខែមីនា បានប្រកាសថា ក្រោយពេលមានអត្ថបទបានបង្ហោះលើបណ្តាញសង្គម Weibo កាលពីថ្ងៃទី៧ខែមីនា ក្រុមហ៊ុនបានបញ្ជាក់ថា អ្នកទាំងពីរគឺត្រូវបានផ្អាកពីការងារ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ បានបញ្ជាក់ថា«ក្រុមហ៊ុនពិតជាយកចិត្តទុកដាក់ដល់វិវាទរបស់ក្រុមហោះហើរ ដែលអាចប៉ះពាល់ដល់ សុវត្ថិភាពនៃការហោះហើរទាំងមូល ដូច្នេះអ្នកបម្រើលើយន្តហោះនិងអាកាសយានិកត្រូវបានឲ្យផ្អាកពីការងារ៕

ដោយ៖ ធីរីណា (រូបភាព៖Handout+SCMP)


ចែករំលែក៖