ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងឃាត់ខ្លួនមនុស្សពីរនាក់ជាកម្មករលើកឈើ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តមួយគ្រឿងដឹកឈើហុបធំៗត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះក្នុងនោះមានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល កម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថានដែនជម្រកសត្វព្រៃស្រុកកែវសីមាចុះបង្ក្រាបយកទៅរក្សាទុក។

ការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១ៈ២២ នាទី ថ្ងៃទី០៨ ខែមីនាឆ្នាំ២០២១ត្រង់ចំណុចផ្លូវកែងជិតផ្ទះក្រហម ស្ថិតក្នុងភូមិឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ព្រហ្ម វិបុលរតនៈ នាយកដែនជម្រកការពារសត្វព្រៃស្រុកកែវសីមា បានឲ្យដឹងថា យុទ្ធនាការបង្ក្រាបរថយន្តដឹកឈើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាកម្មករលើកឈើចំនួន២នាក់ តែអ្នកបើកបរបានចុះរត់បាត់ស្រមោលហើយ ។ ចំពោះអ្នកប្រព្រឹត្តក៏សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណដែរ។
ឯវត្ថុតាងនោះមានរថយន្តកាមរីកាត់គូទ និងឈើនៅលើរថយន្ត ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានដែនជម្រកការពារសត្វព្រៃស្រុកកែវសីមា។

ចំណែកជនសង្ស័យជាកម្មករលើកឈើនោះ ត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕

ដោយ៖ ផង់ វិន


ចែករំលែក៖