ព័ត៌មានទាន់ហេតុការណ៍៖

ចិន និងវៀតណាម ៤នាក់ ត្រូវបានឃាត់ខ្លួន ក្រោយលួចបន្លំនាំគ្រឿងញៀន យកទៅឲ្យអ្នកកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យ ជាជនជាតិចិន ៣នាក់ និងវៀតណាមម្នាក់ ត្រូវបាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន ក្រោយពួកគេបានលួចនាំថ្នាំញៀនទៅឲ្យអ្នកកំពុងធ្វើចត្តាឡីស័ក នៅក្រុងព្រះសីហនុ។ 

  នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា ជនសង្ស័យ បានបង្កប់គ្រឿងញៀនជាមួយសម្ភារ និងនំ ផ្ញើឲ្យអ្នកធ្វើចត្តាឡីស័កចំនួន ៣ករណី។ 

បើតាម លោកស្នងការ បានឱ្យដឹងថា ករណីទី១ បានកើតឡើងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥៖៣០នាទី។ នៅថ្ងៃនោះ កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័កផ្ទះបុគ្គលិក ឆាង ឆឹង នៅក្រុម២៦ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួន បុរសម្នាក់ឈ្មោះ ម៉ាន់ ទីណូ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាស៊ី ដែលបានយកអីវ៉ាន់មកផ្ញើឲ្យអ្នកធ្វើចត្តាឡីស័ក ក្នុងនោះ មានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន១កញ្ចប់ បង្កប់ក្នុងថង់នំ។ 

បន្ទាប់ពីបានសាកសួរ គាត់មិនបានដឹងថា នៅក្នុងថង់នំនោះ មានគ្រឿងញៀនទេ ហើយគាត់សហការជាមួយសមត្ថកិច្ច បន្តទៅឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាម្ចាស់ថង់នំនោះ (បង្កប់គ្រឿងញៀន) នៅចំណុចអគារបុគ្គលិកលក់នំ ស្ថិតនៅក្រុមទី៧ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ នាថ្ងៃដដែល។ 

ជនសង្ស័យទាំង២នាក់ រួមមាន៖ ទី១៖ ឈ្មោះ ZOU WUQI អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និងទី២៖ ឈ្មោះ LIU HUA ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៨កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហមសញ្ញា (WY)ចំនួន ២គ្រាប់លិខិតឆ្លងដែនចំនួន ២ក្បាល (របស់ជនសង្ស័យ) ទូរស័ព្ទដៃចំនួន ៤គ្រឿង លុយយ័នចំនួន ៧១យ័ន និង សម្ភារប្រើប្រាស់ វេចខ្ចប់មួយចំនួន។ 

សម្រាប់ករណីទី២ កើតឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២១៖៣០នាទី។ កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក កាស៊ីណូជិនប៉ី២ ស្ថិតនៅសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរស១នាក់ ឈ្មោះ ឆេន ឆូច អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរត់ PassApp បានយកអីវ៉ាន់មកផ្ញើរឲ្យអ្នកធ្វើចត្តាឡឺស័ក ក្នុងនោះ មានលាក់ទុកនៅសារធាតុញៀនខុសច្បាប់ក្នុងប្រអប់នំ។ 

បន្ទាប់ពីបានសួរនាំ គាត់មិនបានដឹងថា ក្នុងប្រអប់នំមានថ្នាំញៀនទេ ហើយគាត់បានសហការជាមួយសមត្តកិច្ច បន្តទៅឃាត់ខ្លួនជនសង្ស័យដែលជាម្ចាស់នំ (បង្កប់គ្រឿងញៀន) នៅចំណុចសណ្ឋាគារ ជីងហ្វូយៀក ស្ថិតនៅក្រុម២០ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃដដែល។ ជនសង្ស័យឈ្មោះ HOANG THI MANH ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់អីវ៉ាន់តាមអនឡាញ។ 

ក្រោយចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់, ថ្នាំញៀនមេតំហ្វេតាមីន (WY) ចំនួន៥គ្រាប់, ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone8 ពណ៌ខ្មៅ និងលិខិតឆ្លងដែន ១ក្បាល (របស់ជនសង្ស័យ)។ 

ដោយឡែក ករណីទី៣ បានកើតឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២៖៤០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក សណ្ឋាគារ ហ័ងហ្គ័នជាយី ស្ថិតនៅក្រុមទី៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ជនសង្ស័យ១នាក់ យកអីវ៉ាន់ទៅផ្ញើឲ្យអ្នកធ្វើចត្តាឡឺស័ក ដោយមានការសង្ស័យកម្លាំងបានឆែកឆេររកឃើញសារធាតុសង្ស័យជាសារធាតុញៀន រួចបានឃាត់ខ្លួនជនសង្ស័យតែម្តង។ 

ជនសង្ស័យឈ្មោះ Gao Yahong ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួន។ ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ទឹកដោះគោ សង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ (បីកញ្ចប់), ទូរស័ព្ទដៃ១គ្រឿង និងរថយន្ត១គ្រឿង។ 

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖