ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ាអចលនទ្រព្យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពតចាប់វ៉ៃខ្នោះតាមដីកា ករណីរំលោភ​លើ​ទំនុកចិត្ត​ ជួលឡានគេជិត១០គ្រឿងយកទៅបញ្ចាំ និងលក់ម៉ត់

ចែករំលែក៖

ខេត្តកំពត​៖ ឧកញ៉ាមួយរូបដែលគេស្គាល់ថាជាប្រធាន ក្រុមហ៊ុនរៀលអេស្ទេតមួយបាន​ជួល​រថយន្ត​ធុន​ធំ​អ្នកដទៃ​ជាង​១០​គ្រឿង យកទៅ​ប្រើការ បែរជា​យកទៅបញ្ចាំ និង​លក់​គ្មាន​សល់​ ស្មើនឹងឧកញ៉ា ដាច់យ៉ៃ ។

សូមបញ្ជាក់ថា ព្រោះតែទង្វើ​និងគំនិតទុច្ចរិតបែបនេះ ក្នុងបទរំលោភលើទំនុកចិត្ត ក៏ ត្រូវ​បានចៅក្រម​សាលាដំបូង​ខេត្តកំពតបានសម្រេចដីកាឃុំខ្លួនបណ្តោះ អាសន្ននាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២១ ពីបទ​រំលោភ​លើ​ទំនុកចិត្ត។

បើយោងតាម​លោកវរសេនីយ៍ឯក លក ញ៉ា​វ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមីនានេះថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត បានសម្រេច​ឃុំខ្លួន​ឈ្មោះ​ ធី ហួត ភេទ​ប្រុស អាយុ៤០​ឆ្នាំ មាន​ទីលំនៅ​ ភូមិសំរោង ឃុំ​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​។ ព្រោះឧកញ៉ាម្នាក់នេះត្រូវបានគេប្ដឹងច្រើនរហូតជាង១០បណ្ដឹងឯណ្ណោះ។
លោកនាយ​កការិយាល័យបានឲ្យដឹងបន្ថែមថា កាលពីអំឡុងខែធ្នូ ឆ្នាំ​២០២០ ក្នុងនាម​ជា​ប្រធាន​ក្រុមហ៊ុន​ហ្គោល​រៀល​អេ​ស្ទេ​ត លោក​ឧកញ៉ា ធី ហួត បាន​ជួលរថ​យន្ត​ធុន​ធំ​ជាង​១០​គ្រឿង ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​រាជធានីភ្នំពេញ។ ព្រោះតែ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ លោកឧកញ៉ាជើងល្អរូបនេះបាន​យក​រថយន្ត​ទាំងនោះ​ទៅ​លក់ និង​បញ្ចាំ​ដាច់​ទាំងអស់​ ដើម្បីតែលុយ គ្មានគិតពីទោសទណ្ឌដោយអត់ទ្រាំនឹងទង្វើទាំងនោះមិនបាន ជនរងគ្រោះ ម្ចាស់​រថយន្ត​បានដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកំពត រ​ហូត​សាលាដំបូង​តម្រូវឱ្យ​ចូលខ្លួន តែ​ជនសង្ស័យបានព្យាយាមគេចវេស។

​លោក លក ញ៉ា​វ បាន​បន្តថា, ជាមួយ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​សាលាដំបូងខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​
មធុរិទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បានដាក់​បទបញ្ជា​ដល់​កម្លាំង​ក្រោម​ឱវាទ​ឱ្យ​អនុវត្ត​ដោយ​យកចិត្តទុកដាក់​បំផុត​។ លុះដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ពេល​កំពុង​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​៣ សមត្ថកិច្ច​បាន​ប្រទះឃើញ​ជនសង្ស័យ ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៣ ក៏​នាំគ្នា​ដេញតាម​ទាន់ និង​ឃាត់ ខ្លួនបានពេលឆ្លងចូលដល់ឃុំអូរសារាយ ស្រុក​ត្រាំកក់ ខេត្ត តាកែវ នាំមក​អ​នុវត្ត​តាម​នីតិវិធី​តែម្តង​។
ទង្វើមិនថ្លៃថ្នូរនេះ ធ្វើអោយប៉ះពាល់កិត្តិយសធ្ងន់ធ្ងរក្នុងសង្គម ដល់ថ្នាក់ជាឧកញ៉ាទៅហើយ បែរជាមកប្រព្រឹត្តបទល្មើស ដែលសង្គមស្អប់ខ្ពើមបំផុត៕

ដោយ៖ស សម


ចែករំលែក៖