កម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានប្រកាសថា បានបាញ់សម្លាប់បាតុករ ១២នាក់នៅក្នុងការធ្វើបាតុកម្ម កាលពីថ្ងៃទី១៣ខែមីនា ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា មានបាតុករ៥នាក់ត្រូវកម្លាំងសន្តិសុខបាញ់សម្លាប់នៅក្នុងទីក្រុង Mandalay ។
សកម្មជនសិទ្ធិមនុស្ស លោក Myat Thu បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មានកុមារអាយុ១៣ឆ្នាំម្នាក់ ។ ជាមួយគ្នានេះដែរ បាតុករម្នាក់ឈ្មោះ Si Thu Tun បានឲ្យដឹងថា បានមើលឃើញដោយផ្ទាល់ភ្នែក មនុស្ស២នាក់ត្រូវទាហានបាញ់ប្រហារ ក្នុងនោះមានព្រះសង្ឃមួយអង្គផងដែរ។
នៅតំបន់ Pyay សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងសន្តិសុខបានរារាំងរថយន្តជួយសង្គ្រោះទៅដឹកអ្នករងរបួសបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់។
បណ្តាញទូរទស្សន៍គ្រប់គ្រងដោយយោធាMRTV បានចាត់ទុកក្រុមបាតុករគឺជាអ្នកទោស ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតនោះឡើយ។
លោក Mahn Win Khaing Than អ្នកដែលកំពុងតែគេចខ្លួនពីការតាមចាប់របស់យោធា បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា នេះជាពេលវេលាអាក្រក់បំផុត របស់ប្រទេសយើង ។
នៅពេលនេះដែរគណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ មានគម្រោងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅមីយ៉ាន់ម៉ាដើម្បីដឹកនាំ រហូតដល់លោកស្រីស៊ូជី និង មេដឹកនាំផ្សេងទៀតត្រូវបានដោះលែង៕ ដោយ ៖ធីរីណា
រូបភាព៖ Reuters