ភ្នំពេញ ៖ ទីបំផុត ! ហ៊ុយ យ៉ាឡេង ចេញមុខសុំទោសភ្លាមៗ ក្រោយមានប្រតិកម្មពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ខណ:ពួកគាត់បានលះបង់ កំពុងបំពេញការងារដោយមិនគិត ពីការនឿយហត់ ទាំងយប់ ទាំងថ្ងៃនោះ។
សូមបញ្ជាក់ថា, ផលិតករភាពយន្តដែលតែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងសង្គមជាតិ គឺលោក ហ៊ុយ យ៉ាឡេង បានចេញសារសុំទោសភ្លាមៗលើកំហុសឆ្គងបើកយុទ្ធនាការមួយដើម្បីរៃអង្គាសប្រាក់ពីសប្បុរសធម៌ ក្នុងគោលបំណងជួយដល់វីរគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ខណ:គោលការណ៍នេះមិនមែនជា តម្រូវការរបស់គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ។
តាមរយៈការរ៉ៃអង្គាស ដោយយុទ្ធនាការរបស់លោក ហ៊ុយ យ៉ាឡេង ដែលទើបបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook ហើយត្រូវដកចេញវិញភ្លាមៗ ដោយជំនួសនឹងពាក្យសុំទោសមកវិញនោះ គឺយុទ្ធនាការ “ម្នាក់១ដុល្លារ ចែករំលែកគោរពដឹងគុណដល់វីរគ្រូពេទ្យកម្ពុជា”។
ពាក្យសុំទោស លោក ហ៊ុយ យ៉ាឡេង និយាយថា រូបលោក និងក្រុមការងារធ្វើនេះគឺក្នុងនាមការដឹងគុណក្រុមគ្រូពេទ្យដែលបានជួយដល់ប្រជាជនកម្ពុជា ហើយក៏បារម្ភពីសុខទុក្ខរបស់ក្រុមគ្រូពេទ្យ។ លោកថា លោកធ្វើក្នុងនាមទឹកចិត្តខ្លួនឯង ហើយសុំអភ័យទោសដែលលោកយល់ច្រឡំយក Logo(TYDA) ដាក់ចូលក្នុង Poster ផ្សព្វផ្សាយនៅមុននេះ។
លោកបន្តថា, “យើងខ្ញុំធ្វើក្នុងនាមបុគ្គលតែប៉ុណ្ណោះមិនពាក់ព័ន្ធនឹងស្ថាប័ន្ថធីតាឡើយដូចនេះយើងខ្ញុំបាទសូមធ្វើការអភ័យទោសនូវកំហុសខុសឆ្គងនេះ”។
ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ រាល់ថ្ងៃនេះ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ៕
ដោយ៖ សិលា