រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេស លោក Antony Blinken បានបំពេញទស្សនកិច្ច មកកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីបង្កើនទំនាក់ទំនងសម្ពន្ធមិត្តដ៏សំខាន់បំផុតនៅតំបន់អាស៊ីទាំងពីរ។ ជប៉ុន និងកូរ៉េខាងត្បូង មានទាហានអាមេរិកឈរជើងនៅទីនោះ។
នៅថ្ងៃទី១៥ខែមីនា រដ្ឋមន្ត្រីទាំងពីររូបរបស់អាមេរិកបានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរ ដែលជាដំណើរទស្សនកិច្ចដំបូងបង្អស់ចាប់តាំងពីចូលកាន់តំណែង ។ ប្រទេសជប៉ុន គឺជាទីតាំងដំបូងបង្អស់ ដែលរដ្ឋមន្ត្រីទាំងពីររូបរបស់អាមេរិកបំពេញទស្សនកិច្ច បន្ទាប់មកគឺប្រទេសកូរ៉េខាងត្បូង ។
តាមគម្រោង នៅក្នុងប្រទេសជប៉ុន រដ្ឋមន្ត្រីការពារជាតិ និងការបរទេស របស់អាមេរិក នឹងជួបពិភាក្សាគ្នា ២+២ ជាមួយរដ្ឋមន្ត្រីការពារជាតិ និងការបរទេសរបស់ជប៉ុន ស្តីពីបញ្ហាសំខាន់ៗ។ បន្ទាប់មកនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Suga Yoshihide មុនពេលចាកចេញទៅកាន់កូរ៉េខាងត្បូង។
នៅកូរ៉េខាងត្បូង មន្ត្រីទាំងពីររូប របស់អាមេរិក នឹងពិភាក្សាផ្តោតសំខាន់ទៅលើបញ្ហាកូរ៉េខាងជើង ក៏ដូចជាការបង្ហាញគោលជំហរ របស់ប្រធានាធិបតីបៃឌិនទៅលើកូរ៉េខាងជើងផងដែរ។ បន្ទាប់ពីកិច្ចពិភាក្សានៅកូរ៉េខាងត្បូងរួច រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងវិលត្រឡប់ទៅកាន់អាមេរិកវិញ ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយសមភាគីចិននៅទីក្រុង Alaska ។ ចំណែករដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Austin នឹងចាកចេញពីទីក្រុងសេអ៊ូលទៅកាន់ប្រទេសឥណ្ឌា ដែលជាសម្ពន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់មួយទៀតរបស់អាមេរិកនៅតំបន់អាស៊ី៕ ដោយ៖ធីរីណា
រូបភាព៖ AFP/Reuters