អន្តរជាតិ៖ ក្រសួងការបរទេសចិន បានប្រកាសថា បន្ទាប់ពីវិធានការថ្មី ដែលចូលជាធរមាន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១មានបំណងក្នុងការសម្រួលការធ្វើដំណើររវាងប្រជាជនចិន និងប្រជាជននៃប្រទេសដទៃឯទៀត។ មិនតែប៉ុណ្ណោះ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិន នឹងទទួលបានការបន្ធូរបន្ថយក្នុងការទទួលបានទិដ្ឋាការពេលចូលទឹកដីរបស់ខ្លួនតាមហុងកុង។
ជាក់ស្ដែងការកែប្រែវិធានការក្នុងការទទួលបានទិដ្ឋាការរបស់ចិន បានធ្វើឡើងអំឡុងពេលដែលចិន ព្យាយាមជំរុញការលក់ និងចែកចាយវ៉ាក់សាំងរបស់ខ្លួននៅជុំវិញពិភពលោក ក៏ដូចជា៖ ការប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅតំបន់អឺរ៉ុប និងអាមេរិកផងដែរ។
បេីតាមការបង្ហាញក្រោមលក្ខខណ្ឌថ្មីនេះ ជនបរទេសដែលធ្វើដំណើរចូលទឹកដីចិន ត្រូវបង្ហាញឯកសារដែលបញ្ជាក់ថា ខ្លួនទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតនៅប្រទេសចិន។ ហេីយការបង្ហាញឯកសារនេះ នឹងជួយសម្រួលជនបរទេសឲ្យបំពេញឯកសារតិចតួចជាងមុន ក៏ដូចជាមិនចាំបាច់ធ្វើតេស្តរកជំងឺកូវីដ-១៩ឡើយ ឬឯកសារប្រកាសពីការធ្វើដំណើរឡើយ។ ចំពោះជនបរទេសទាំងនោះសំដៅទៅលើបុគ្គល ដែលមានភារកិច្ច ជំនួញ ឬធ្វើការក្នុងប្រទេសចិនមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។
ចំណែកការបន្ធូបន្ថយនេះ ក៏អនុញ្ញាតផងដែរសម្រាប់បុគ្គលទាំងឡាយណាដែលត្រូវធ្វើដំណើរទៅប្រទេសចិន ក្រោមហេតុផលមនុស្សធម៌ដូចជាការចូលរួមបុណ្យសព និងការមើលថែសាច់ញាតិដោយរួមមានប្តីឬប្រពន្ធ ឪពុកម្តាយ កូន ជីដូនជីតា ចៅ បងប្អូនជាដើម។ បុគ្គលទាំងអស់ត្រូវបង្ហាញថា ខ្លួនបានទទួលវ៉ាក់សាំងកូវីដ-១៩យ៉ាងហោចណាស់១៤ថ្ងៃមុនពេលធ្វើដំណើរមកប្រទេសចិន។
សូមជម្រាបថា វិធានាការថ្មី ទំនងជារឿងលំបាកសម្រាប់ប្រជាជននៅតំបន់អឺរ៉ុប និងអាមេរិក។ ខណៈអាជ្ញាធរសុខាភិបាលនៃប្រទេសអឺរ៉ុបសឹងតែទាំងអស់ រួមទាំងអាមេរិក មិនទាន់អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងដែលអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុនចិននៅឡើយទេ។ បើទោះបីក្រុមហ៊ុន និងរដ្ឋាភិបាលចិនបានប្រកាសពីប្រសិទ្ធភាពនៃវ៉ាក់សាំងទាំងនោះក្តី ការមិនចែករំលែកទិន្ន័យលម្អិតនៃការធ្វើតេស្តវ៉ាក់សាំងជាមូលហេតុមួយដែលនាំឱ្យមានភាពស្ទាក់ស្ទើរក្នុងការជឿទុកចិត្ត ក៏ដូចជាផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង។
បច្ចុប្បន្ន ចិន បន្តប្រើប្រាស់វ៉ាក់សាំងក្នុងស្រុក ក៏ដូចជាលក់ និងផ្តល់ជំនួយដល់ប្រទេសជាច្រើននៅអាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ផងដែរ។ នាពេលថ្មីៗនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានសម្រេចប្រើប្រាស់វ៉ាក់សាំងរបស់ចិនក្នុងការផ្តល់ឱ្យកីឡាករដែលចូលរួមកីឡាអូឡាំពិកក្រុងតូក្យូ ក៏ដូចជាកីឡាអូឡាំពិករដូវត្រជាក់នាក្រុងប៉េកាំងនាឆ្នាំក្រោយ។
បើយោងតាមអនុប្រធានគណៈកម្មាធិការសុខាភិបាលចិន លោក Li Bin ថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មានថ្ងៃ១៥ ខែមីនាថា៖ មកទល់ពេលនេះ ចិនបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងចំនួន៤ ដែលអភិវឌ្ឍនៅក្នុងស្រុក។ គិតត្រឹមថ្ងៃទី១៥ ខែមីនា ចិនបានចាក់វ៉ាក់សាំងចំនួន៦៥លានដូសដល់ពលរដ្ឋរបស់ខ្លួន និងមានផែនការផ្តល់វ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់៨០ភាគរយនៃប្រជាជនសរុប។
បច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានដាក់ផែនការផ្តល់វ៉ាក់សាំងដល់ប្រជាជនឲ្យបាន៩០០ ទៅ១០០០លាននាក់ត្រឹមខែកក្កដា ឬសីហាឆ្នាំ២០២២។ ខុសពីប្រទេសដទៃ ដែលប្រញាប់ប្រញាល់ចាក់វ៉ាក់សាំង ចិនពុំសូវជាប្រញាប់ប៉ុន្មានឡើយដោយសារតែខ្លួនអាចគ្រប់គ្រងករណីឆ្លងក្នុងស្រុកបាន។
គួរបញ្ជាក់ដែរថា គិតជាចំនួនសរុបវិញ ចិនបានផ្តល់វ៉ាក់សាំងក្នុងបរិមាណ១០ដងទៅប្រទេសឯទៀត ធៀបទៅនឹងបរិមាណដែលខ្លួនបានប្រើប្រាស់សម្រាប់ផ្តល់ពលរដ្ឋខ្លួន៕ដោយ៖ស តារា
រូបភាព៖ឯកសារ