ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកោះកុង ចុះត្រួតពិនិត្យលើការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ បើយោងតាមប្រភព ពីរដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃអង្គារទី១៦ ខែមីនា ឆ្នាំ២០២១ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោក យក់ សង្វាត ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងលោក ស វាសនា មន្ត្រីប្រចាំការនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង បានចុះត្រួតពិនិត្យលើការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។ ដើម្បីរួមចំណែកបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

លោកអភិបាលខេត្ត បានមានលើកឡើងថា ម្ចាស់រោងចក្រ និងកម្មករនិយោជិត ត្រូវអនុវត្តតាមវិធានការសុខាភិបាលជាពិសេសវិធានការ “៣ ការពារ : ការពាក់ម៉ាស ការលាងដៃ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងវិធានការ”៣កុំ : កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលហើយប្រើម៉ាស៊ីនត្រជាក់ កុំទៅកន្លែងមនុស្សច្រើនកុះករ មិនដឹងប្រភពច្បាស់និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា។

ត្រូវផ្ដល់ព័ត៌មានទៅក្រសួងសុខាភិបាលជាបន្ទាន់ក្នុងករណីមានរោគសញ្ញាសង្ស័យណាមួយកើតឡើងចំពោះកម្មករនិយោជិតរបស់ខ្លួន។

មួយវិញទៀតត្រូវអប់រំ ណែនាំនិងលើកទឹកចិត្តឱ្យកម្មករនិយោជិតទាំងអស់កុំគេចវេសពីការធ្វើចត្តាឡីស័ក ដែលការគេចវេសនេះ នាំឱ្យមានគ្រោះថ្នាក់ ដល់ខ្លួនឯងផង សង្គមជាតិផង និងត្រូវផ្ដន្ទាទោសតាមច្បាប់ទៀតដែរ៕

ដោយ៖សិលា


ចែករំលែក៖