ព័ត៌មានទាន់ហេតុការណ៍៖

កសិករខេត្តមណ្ឌលគិរីជោគជ័យលើការដាំដំណាំខ្ទឹមសនិងទទួលទិន្នផលច្រើន ខណៈខ្ទឹមសនៅបណ្ដាខេត្តផ្សេងពិបាកដាំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ស្របពេលដែលទីផ្សារបញ្ជាទិញបន្លែផ្លែឈើនិងរុក្ខជាតិដែលដាំដុះលើផ្ទៃដីក្រហមរបស់ខេត្តមណ្ឌលគិរី កំពុងមានសន្ទុះ ខ្លាំង ប្រជាកសិករនៅខេត្តភាគឥសាន្តមួយនេះបានជោគជ័យលើការខ្ទឹមសមួយមុខទៀត ដែលខ្ទឹមសនៅបណ្ដាខេត្តផ្សេងគឺពិបាកដាំ តែចំពោះខេត្តមណ្ឌលគិរីបានសាកល្បងដាំដុះជោគជ័យ និងថែមទាំងបានផលច្រើនទៀតផង ខណៈទីផ្សារបញ្ជាទិញមានតម្លៃខ្ពស់ ។

កសិករសាកល្បងដាំដំណាំខ្ទមសជោគជ័យនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែមនោរម្យ ឈ្មោះ ភិន ផន បានរៀប រាប់ថា ខ្ទឹមសមិនពិបាកដាំទេ ដំបូងត្រូវភ្ជួរហាលដីឲ្យស្ងួតបាចកំបោការពារផ្សិត និងប្រើជីធម្មជាតិទ្រាប់បាតដី បន្ទាប់មកគឺលើករងដី ក្រាលថ្នាលប្លាស្ទិច ទើបចោះដីដាក់កំពិសខ្ទឹមសចូល ហើយវានឹងលូតលាស់ល្អស្ទើតែមិនបាច់ប្រើជី ប៉ុន្តែត្រូវធ្វើស្មៅឲ្យស្អាត ។.

លោក ភិន ផន បន្តថា ខ្ទឹមសអាចលក់បានថ្លៃ ដោយក្នុងមួយគីឡូលក់បាន២ម៉ឺន៥ពាន់រៀលឯណោះ ចំណែកទីផ្សារក៏ល្អ ណាស់ដែរ ហើយខ្ទឹមសនេះគឺគ្មានហានិភ័យត្រូវខាតបង់ទេ ព្រោះទិន្នផលរបស់វាអាចទុកមួយឆ្នាំក៏មិនចេះខូចដែរ ។

លោក ភិន ផន បានឲ្យដឹងទៀតថា បច្ចុប្បន្នលោកបានដាំខ្ទឹមសសាកល្បងលើផ្ទៃដីតែជាង១រយការ៉េប៉ុណ្ណោះ តែលោកមានផែនការពង្រីកការដាំ ដុះឲ្យបាន៣ពាន់ការ៉េក្នុងឆ្នាំ២០២១នេះ ដោយក្នុង១ការ៉េលោកអាចបានផល១គីឡូក្រាមស្រស់ និងក្រោយពេលហាលស្ងួតសល់ ៩ខាំ ។

លោកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិបានថ្លែងថា ពិតជាមានមោទនភាពដែលកសិករនៅខេត្ត មណ្ឌលគិរីទទួលបានទិន្នផលខ្ទឹមសនៅឆ្នាំដំបូង ដោយខ្ទឹមសមានទីផ្សារល្អតម្រូវការខ្ពស់ កសិករគួរងាកមកដាំខ្ទឹមសឲ្យបានច្រើន ព្រោះវាមិនពិបាកថែទាំនោះទេ ហើយក្រុមហ៊ុនលោកស្រីត្រៀមទិញខ្ទឹមសពីកសិកររាប់តោន ប្រសិនបើកសិករអាចផលិតបាន ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរីបានឲ្យដឹងដែរថា នៅជំហ៊ានទីមួយក្នុងការ សាកល្បង មានកសិករតែ៥គ្រួសារប៉ុណ្ណោះដែលបានដាំខ្ទឹមស មានកសិករខ្លះដាំបានទិន្នផលល្អ ខ្លះមិនសូវល្អអាស្រ័យតាមការថែទាំ ប៉ុន្តែបន្ទាប់ពីសាកល្បងដាំជោគជ័យក្នុង២០២១នេះ លោកនឹងចាត់មន្ត្រីជំនាញបណ្ដុះបណ្ដាលកសិករឲ្យមានជំនាញបច្ចេកទេសថែ ទាំខ្ទឹមសច្បាស់លាស់ ដោយសង្ឃឹមថាកសិករនឹងពង្រីកការដាំដុះខ្ទឹមសឲ្យបានច្រើនបន្ថែមទៀត ។

លោកប្រធានមន្ទីរកសិកម្មបញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរីអាចដាំប្រភេទបន្លែឬដំណាំដែលបណ្ដាខេត្តផ្សេងដាំមិនបាន ហើយប្រភេទដំណាំឬបន្លែខ្លះ ដែលបណ្ដាខេត្តផ្សេងមានដាំដូចគ្នា តែមានរសជាតិមិនសូវឈ្ងុយឆ្ងាញ់ដូចផលិតផលកសិកម្មរបស់ ខេត្តមណ្ឌលគិរីនោះទេ ព្រោះមណ្ឌលគិរីមានផ្ទៃដីជីជាតិល្អ អាកាសធាតុត្រជាក់ និងមានកម្ពស់ភូមិសាស្ត្រខ្ពស់ជាងនេវ៉ូទឹកសមុទ្រ ច្រើន ដែលអំណោយផលទៅលើការដាំដុះគ្រប់ប្រភេទដំណាំទាំងអស់ ៕ហេង សូរិយា


ចែករំលែក៖