អន្តរជាតិ៖ បើតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពី វិទ្យាស្ថាន ស្តេធិន ស៊ែរឹម (Staten Serum Institute) ប្រទេសដាណឺម៉ាក បានអះអាងថា ចំពោះអ្នកដែលធ្លាប់ឆ្លង និងជាសះស្បើយពី COVID-19 អាចមានអង់ទីករការពារប្រឆាំង នឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ បានយ៉ាងហោចរយៈពេល ០៦ខែ។ ប៉ុន្តែសម្រាប់មនុស្សចាស់វិញ គឺប្រឈមមុខខ្ពស់នឹងការឆ្លងជាថ្មីម្ដងទៀត។
ជាក់ស្ដែងបើតាមទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ បានចុះផ្សាយដោយដកស្រង់សម្តីពីក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងប្រទេសដាណឺម៉ាក ថា៖ នៅក្នុងចំណោមមនុស្សមានអាយុក្រោម ៦៥ឆ្នាំ ដែលពួកគេបានសិក្សាស្រាវជ្រាវ ដែលជាសុទ្ធតែជាអ្នកធ្លាប់ឆ្លង និងជាសះស្បើយពី COVID-19 ពួកអាចគេមានអង់ទីករ «៨០ភាគរយ» ដើម្បីការពារខ្លួនប្រឆាំងនឹងការឆ្លងជំងឺដ៏កាចសាហាវជាថ្មី យ៉ាងហោចរយៈពេល ០៦ខែបន្ទាប់ពីការជះសះស្បើយ។ ប៉ុន្តែសម្រាប់មនុស្សមានអាយុ ៦៥ឆ្នាំឡើងទៅ ពួកគេមានអង់ទីករការពារតែ «៤៧ភាគរយ» ប៉ុណ្ណោះ ដោយប្រការនេះធ្វើឱ្យក្រុមមនុស្សមានវ័យចំណាស់ ងាយប្រឈមមុខខ្ពស់នឹងការឆ្លង COVID-19 ជាថ្មី។
ចំណែកការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន Staten Serum ធ្វើឡើងនៅក្នុងប្រទេសដាណឺម៉ាកាលពីឆ្នាំ២០២០ ទៅលើអ្នកដែលធ្លាប់បានឆ្លង និងជាសះស្បើយពី COVID-19 នៅក្នុងរលកឆ្លងលើកទីមួយចាប់ពីខែមីនា ដល់ខែឧសភា និងរលកទី ២ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំដដែល។
គួរបញ្ជាក់ថា ប្រទេសដាណឺម៉ាក គិតត្រឹមថ្ងៃពុធទី១៨ ខែមីនានេះ មានចំនួនអ្នកឆ្លង COVID-19 សរុបជាង ២២២,០០០ករណី ក្នុងនោះស្លាប់ជិត ២,៤០០នាក់ និងជាសះស្បើយវិញជាង ២១១,០០០នាក់៕ដោយ៖ស តារា
រូបភាព៖ឯកសារ
រូបថត៖Getty