ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចេញសេចក្តីណែនាំ ស្តីពី ការចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈើ ធី ឌី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយពិនិត្យឃើញថា ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះ ផលិតផល អេចល្ប៍ ធី ភី (HTPs) បារីអេឡិចត្រូនិក (Electronic Nicotine Delivery System-EDNS) និងអេចល្ប៍ ធី ភី (HTPS-Heated Tobacco Products) ជាផលិតផលថ្នាំជក់ថ្មី ដែលត្រូវបានគេផលិតឡើងដើម្បី ជំនួសផលិតផលថ្នាំជក់ធម្មតា ជាពិសេសទាក់ទាញឱ្យមានការប្រើប្រាស់ក្នុងចំណោមយុវវ័យ។ បារីអេឡិចត្រូនិក និងអេចល្ប៍ ធី ភី ត្រូវបានគេប្រើប្រាស់តាមរយៈឧបករណ៍ម្យ៉ាងដែលប្រើថ្មពិល បង្កើតថាមពលកំដៅក្នុងការបំលែងអង្គធាតុដែលដាក់ចូលឧបករណ៍នោះឱ្យទៅជាចំហាយ។ ចំពោះ បារីអេឡិចត្រូនិក គេបន្តក់វត្ថុរាវស្អិតដែលមានសារធាតុនីកូទីន និងអង្គធាតុរាវដែលមានក្លិនក្រអូប ក្លិនផ្លែឈើ ក្លិនផ្កា… ( ) ទៅក្នុងឧបករណ៍ ហើយពេលត្រូវកំដៅដែលបានមកពីថាមពលថ្មពិល អង្គធាតុ ទាំងនេះនឹងបំលែងជាចំហាយ ដែលអ្នកប្រើប្រាស់អាចបឹត បឺត ឬជក់តាមចិត្តចង់ ដោយឡែក អេច ធី ភី គឺជាសរសៃថ្នាំជក់ និងអង្គធាតុផ្តល់ក្លិនក្រអូប ត្រូវបានគេដាក់ទៅក្នុងឧបករណ៍ជក់ដែលប្រើ ថាមពលថ្មដូចបារីអេឡិចត្រូនិកដែរ។ ប៉ុន្តែផលិតផល អេចល្ប៍ ធី ភី ថ្មីៗ ដែលគេឱ្យឈ្មោះថា ហាយប្រ៊ីដ (Hybrid) គឺគេបានប្រើវត្ថុរាវស្អិត ជំនួសសន្លឹកថ្នាំជក់ ដាក់ចូលទៅក្នុងឧបករណ៍ជក់។ ដូចនេះ បារីអេឡិចត្រូនិក និងអេចល្ប៍ ធី ភី វិវឌ្ឍន៍ឆ្ពោះទៅកាន់តែដូចគ្នាក្នុងការប្រើប្រាស់វត្ថុរាវស្អិត និងអង្គធាតុរាវមានក្លិន សម្រាប់បង្កើតជាចំហាយ និងផ្សែង។
ក្នុងពេលកន្លងមកនេះ បារីអេឡិចត្រូនិក និងអេចល្ប៍ ធី ភី ត្រូវបានជនខិលខូចផ្សព្វផ្សាយលក់ តាមបណ្តាញព័ត៌មានសង្គម ដោយពន្យល់ថាជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី ជាផលិតផល មានសុវត្ថិភាពជាងបារីធម្មតា មិនប៉ះពាល់ដល់បរិស្ថាន។ល។ ដែលសុទ្ធតែផ្ទុយទៅនឹងការអះអាង របស់អង្គការសុខភាពពិភពលោក (WHO) និងស្ថាប័នសុខភាពធំៗលើសកលលោក ដែលបាន កំណត់យ៉ាងច្បាស់ថា ការជក់បារីអេឡិចត្រូនិក និងអេចល្ប៍ ធី ភី បណ្តាលឱ្យញៀន កើតជំងឺសួត ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត ហើយក៏អាចជាកត្តាលើកទឹកចិត្ត និងជំរុញឱ្យឈានទៅប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ផ្សេងៗទៀតផងដែរ។ យោងតាមមជ្ឈមណ្ឌលពិនិត្យជំងឺ Centers for Diseases Control (CDC) ការិយាល័យរដ្ឋបាលត្រួតពិនិត្យអាហារ និងថ្នាំញៀន Food and Drug Administration (FDA) របស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យដឹងថា អ្នកប្រើប្រាស់បារី អេឡិចត្រូនិក និងអេចល្ប៍ ធី ភី ក្នុងចំណោមសិស្សអនុវិទ្យាល័យ (ថ្នាក់ទី៦ ដល់ទី៨) និងសិស្ស វិទ្យាល័យ (ថ្នាក់ទី៩ ដល់ទី១២) មានប្រើវាឡង់ ៤.៧% និង១០.៦% នៅឆ្នាំ២០២០។ ថ្វីត្បិតតែ ការប្រើប្រាស់នេះ បានថយចុះនៅឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ២០១៩ (សិស្សអនុវិទ្យាល័យមាន ចំនួន១០,៥% និងសិស្សវិទ្យាល័យមានចំនួន២៧.៥%) ហើយនៅពេលបច្ចុប្បន្ននៅសហរដ្ឋអាមេរិក មានអ្នកប្រើប្រាស់បារីអេឡិចត្រូនិក ក្នុងចំណោមសិស្សានុសិស្សប្រមាណ៣.៦លាននាក់។ បើតាម ករណីសិក្សាមួយនៅសហរដ្ឋអាមេរិក ក្នុងចន្លោះពេលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញថា មានជំងឺសួតពាក់ព័ន្ធជាមួយការប្រើប្រាស់បារីអេឡិចត្រូនិច ចំនួន២៨០៧ករណី និងមានអ្នកស្លាប់ចំនួន៦៨នាក់។ ជាងនេះទៀត បារីអេឡិចត្រូនិក និងអេចល្ប៍ ធី ភី តែងត្រូវបានគេសង្កេតឃើញថាបានប្រើប្រាស់រួមគ្នា ដើម្បីជាការសន្សំថវិកា ឬជាចំណង់ចំណូល ចិត្តរបស់យុវជន ដើម្បីបង្ហាញពីភាពរាក់ទាក់ស្និទ្ធស្នាល ដែលឥរិយាបទនៃការប្រើប្រាស់បែបនេះ ក្នុងបរិបទថ្មីនេះ។
អាចបង្កហានិភ័យយ៉ាងខ្លាំងក្នុងការឆ្លងរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនជាសេនាធិការ បានយកចិត្តទុកដាក់ និងបានរិះរកគ្រប់វិធីសាស្រ្តដើម្បីបង្ការ និងទប់ស្កាត់រាលដាល ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដែលក្នុងនោះរាប់បញ្ចូលទាំងការប្រើប្រាស់បារីអេឡិច ត្រូនិកនេះផងដែរ ក្នុងគោលបំណឹងរួមចំណែកបង្ការ និងទប់ស្កាត់រាល់បញ្ហាដែលមានការប៉ះពាល់ ដល់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្ការនិងទប់ស្កាត់រាល់ផលប៉ះពាល់ នានាលើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍសង្គមជាតិ។ ជាក់ស្ដែងក្នុងឆ្នាំ ២០១៤ កន្លងទៅ ដោយមានការឯកភាពពីរាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្តីណែនាំលេខ០០១/ស.ណ.ន អ.ជ.ប.គ.ញ ស្ដីពីការចាត់វិធានការបង្ការ៍ បញ្ឈប់ ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិកនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ដោយផ្អែកលើហេតុផលថា ក្រៅពីអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលស៊ីសា ក៏អាចបង្ក លក្ខណៈងាយស្រួល ជំរុញ និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់ប្រភេទគ្រឿងញៀនខុសច្បាប់ ផងដែរ។ សេចក្តីណែនាំនោះ ត្រូវបានផ្សព្វផ្សាយ និងអនុវត្តយ៉ាងយកចិត្តទុកដាក់ពីសំណាក់ សមត្ថកិច្ចអនុវត្តច្បាប់គ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋាន ដែលធ្វើឱ្យរាល់បញ្ហាត្រូវបានបង្ការ និង ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែ ក្នុងពេលកន្លងទៅថ្មីៗនេះ មានព័ត៌មាន ជាច្រើនឱ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមយុវជនមួយចំនួនបានប្រើប្រាស់បារីអេឡិកត្រូនិកឡើងវិញ ហើយមួយចំនួនទៀតក៏បាននិងកំពុងសាកល្បងប្រើប្រាស់ អេចល្ប៍ ធី ភី ផងដែរ។ បញ្ហានេះ អាចបណ្តាលមកពីក្រុមឧក្រិដ្ឋជន ឬជនខិលខូចលួចលាក់នាំចូល និងលក់ដូរ ក្នុងពេលដែលប្រជាជាតិទទួលរងវិបត្តិទឹកជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗ ក៏ដូចជាវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។ ដោយសារអេចល្ប៍ ធី ភី (HTPs) មិនមានចែង ក្នុងសេចក្តីណែនាំលេខ០០១/ស .ណ. គ.ញ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ប. ជ. ន អ. ញៀន ដែលបានចេញកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ នោះ ការបង្ការ ក៏ដូចជាការទប់ស្កាត់ ការចរាចរជួញដូរអេចល្ប៍ ធី ភី អាចជាការលំបាក។
ឆ្លើយតបនឹងបញ្ហាខាងលើ និងដោយមានការអនុញ្ញាត និងការណែនាំពីរាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមធ្វើការណែនាំដល់គ្រប់ក្រសួង -ស្ថាប័ន សមាជិកអាជ្ញា ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ដូចខាងក្រោម:
១. បន្ថែមលើការពង្រឹងការអនុវត្តសេចក្តីណែនាំលេខ០០១/ស.ណ.ន អ.ជ.ប.គ.ញ. ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការចាត់វិធានការបង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាត់ វិធានការ ជាបន្ទាន់ បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងការធ្វើអាជីវកម្មផលិតផល អេចល្ប៍ ធី ភី (HTPs) ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូត និងរឹបអូសយកផលិតផលទាំងនោះមករក្សាទុក។ ការដកហូត និង រឹបអូសយកផលិតផល អេចល្ប៍ ធី ភី (HTPs) មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម ស្របច្បាប់ផ្សេងទៀតជាដាច់ខាត។
២. ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល អេចល្ប៍ ធី ភី (HTPs) តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការ នាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ។
៣. គ្រប់ក្រសួង -ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិ ការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើរបាយការណ៍ពីលទ្ធផលនៃការអនុវត្តខ្លឹមសារសេចក្តីណែនាំនេះ មកអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដើម្បីធ្វើការបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល។
ទទួលបានសេចក្តីណែនាំនេះ គ្រប់ក្រសួង -ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី -ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវចាត់ចែងដឹកនាំអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ដោយ, សិលា