រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រី ស៊ូជី បន្ថែមបទល្មើសមួយទៀត គឺបំពានច្បាប់ ប្រឆាំងអំពើពុករលួយ អាចប្រឈមនិឹងការជាប់គុក១៥ឆ្នាំ។ ពេលនេះលោកស្រីស៊ូជីទទួលរងការចោទប្រកាន់៥ករណីផ្សេងគ្នា ក្រោយការធ្វើរដ្ឋប្រហារ ហើយយោធាចាប់ឃុំខ្លួនលោកស្រី។
បណ្តាញទូរទស្សន៍ជាតិ MRTV បានផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រីស៊ូជី បំពានច្បាប់ប្រឆាំងអំពើពុករលួយ ។ កន្លងមកយោធាបានចោទប្រកាន់៤ករណីរួចរាល់ហើយ ។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់យោធា ប្រធានក្រុមហ៊ុនសាងសង់ Say Paing របស់លោក Maung Weik បានឲ្យដឹងថា បានផ្តល់សំណូកជូនលោកស្រីស៊ូជីនូវទឹកប្រាក់ដល់ទៅ៥៥០ពាន់ដុល្លារ។ ប្រាក់ទាំងនោះបានផ្តល់ជូនលោកស្រី៤លើក តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ នៅក្នុងផ្ទះរបស់លោកស្រីស៊ូជី។ លោក Maung Weik បានលើកឡើងថា មិនមានសាក្សីណាមួយក្នុងហេតុការខាងលើនោះឡើយ។
រដ្ឋាភិបាលយោធាបានចោទប្រកាន់លោកស្រីស៊ូជីចំណាយប្រាក់ជាច្រើនជួយដល់មូលនិធិ Daw Khin Kyi ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងនោះឲ្យជួលដីរដ្ឋធ្វើជាការិយាល័យរបស់មូលនិធិនោះ។ យោធាមីយ៉ាន់ម៉ាក៏បានចោទប្រកាន់លោកស្រីបំពានច្បាប់នាំចេញ បំពានច្បាប់គ្រប់គ្រងគ្រោះអាសន្ន ច្បាប់ទូរគមនាគមន៍ ។ រដ្ឋាភិបាលយោធា បានហាមប្រាមលោកស្រីស៊ូជីជួបជាមួយក្រុមមេធាវីរបស់លោកស្រី ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើ។ លោកស្រីបញ្ជាក់ថា ការចោទប្រកាន់នោះគឺជារឿងនយោបាយ៕ ដោយ សាធី
រូបភាព៖AFP