ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងកត់ឆ្នោតខុសច្បាប់នៅសង្កាត់ផ្សារដើមគត្រូវបានអាជ្ញាធរខណ្ឌទួលគោកចុះបិទ

ចែករំលែក៖

ភ្នំពេញ ៖ ល្បែងស៊ីសងកត់ឆ្នោតវៀតណាមនៅម្ដុំខាងក្រោយប៉ុស្តិ៍នគរបាលផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ កាលពីពេលថ្មីៗនេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានបញ្ជាឱ្យលោកចៅសង្កាត់ក្នុងមូលដ្ឋានចុះទៅបង្ក្រាប បិទទីតាំងនិងណែនាំឱ្យបញ្ឈប់អាជីវកម្មកត់កន្ទុយលេខ(ឆ្នោតវៀតណាម) បន្តទៀត។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចទីតាំងផ្ទះលេខ២៨B ភូមិ៨ តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់ផ្សារដើមគបានឱ្យដឹងថា ក្នុងការចុះបិទទីតាំងនោះមានកម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងអាជ្ញាធរសង្កាត់ផ្សារដើមគ បានណែនាំដល់ម្ចាស់ទីតាំងដែលមានឈ្មោះ មុត សុខជី ភេទស្រី អាយុ២៩ឆ្នាំ ឱ្យបញ្ឈប់អាជីវកម្ម 

កត់ឆ្នោតវៀតណាមខុសច្បាប់បន្តទៀត ក្នុងករណីម្ចាស់ទីតាំងល្មើសនឹងការណែនាំរបស់អាជ្ញាធរត្រូវប្រឈមចំពោះមុខច្បាប់។ 

គួរបញ្ជាក់ថា​ លោក ឯក ឃុនដឿន អភិបាល​ នៃគណៈអភិបាលខណ្ឌទួលគោក​ តែងតែ​ណែនាំ​ដល់​មន្រ្តីមូលដ្ឋានទាំងអស់​ ត្រូវ​ចុះត្រួតពិនិត្យ​ និងធ្វេីការបង្រ្កាបទីតាំងបនល្បែងស៉ីសងខុសច្បាប់ណា​ ដែលលួចបេីកគ្មានការអនុញ្ញាត។ ព្រោះ​ការបើកបនល្បែង ជាប្រភពបង្កើតឲ្យមានបទល្មើសក្នុងមូលដ្ឋាន ហើយបំពានទៅនឹងគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ កន្លងមកលោកឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រកាសថា៖ បើមន្រ្តីណាដែលទៅកាងពី ក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋានខ្លួន មន្ដ្រីនោះនិងទទួលការប្រមានតាមច្បាប់ការងាររដ្ឋ ត្រូវទទួលទោសទាន់ និង ប្រឈមការដកតំណែង ហើយមន្រ្តីក្រោមឱវាទទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួល សំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឲ្យមានសកម្មភាពប្រព្រឹត្ត បើកល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ ខ្លួនបើពុំដូច្នេះទេនឹងត្រូវដកតំណែង អស់ បុណ្យស័ក្តិជាមិនខាន ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖