នៅថ្ងៃទី១៨ ខែមីនា ជប៉ុនបានសម្រេចលុបការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅក្នុងទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន៣ទៀត ក្នុងនោះមានខេត្តChiba ផងដែរ។
សារព័ត៌មាន TTXVN បានផ្សាយថា ការសម្រេចលុបការរឹតត្បិតនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២១ខែមីនាតទៅ។ ការសម្រេចខាងលើកើតឡើង ក្រោយពេលដែលស្ថានភាពនៃការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសជប៉ុនមានភាពល្អប្រសើរជាងមុនដោយសារតែការរឹតត្បិត។ រដ្ឋាភិបាលជប៉ុន បានប្រកាសអាសន្ននៅខេត្តក្រុងចំនួន១១ តាំងពីខែមករាឆ្នាំ២០២១ ហើយហាមប្រាមជនបរទេសចូល លើកលែងតែករណីចាំបាច់តែប៉ុណ្ណោះ។
តាមតួលេខថ្មីបំផុតរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញឲ្យឃើញថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន បានថយចុះនៅសល់តែ១៥០០នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលកាលពីខែមករាមានដល់ទៅ ៧៨០០នាក់ក្នុងមួយថ្ងៃ ។ ចំណែកចំនួនអ្នកស្លាប់ ក៏បានថយចុះពី១២១នាក់ នៅសល់តែ ក្រោម៥០នាក់ក្នុងមួយថ្ងៃ ។ មន្ទីរពេទ្យនៅក្នុងទីក្រុងតូក្យូ និងខេត្តជិតខាង ក៏មានភាពល្អប្រសើរផងដែរ ដោយពេលនេះមានគ្រែពេទ្យនៅសល់ដល់ទៅ ៥០ភាគរយ ។ កត្តាទាំងនោះហើយ ទើបរដ្ឋាភិបាលសម្រេចបន្ថយការរឹតត្បិតនៅក្នុងខេត្តក្រុងមួយចំនូន ។
កាលពីថ្ងៃទី៧ខែមករារដ្ឋាភិបាលជប៉ុនបានសម្រេចប្រកាសអាសន្ន នៅទីក្រុងតូក្យូ និងខេត្តចំនួន៣នៅក្បែរខាង ។ ក្រោយមកការប្រកាសអាសន្នបន្ត អនុវត្តនៅក្នុងខេត្តក្រុងចំនួន១១ទៀត ប៉ុន្តែកាលពីខែកុម្ភៈ ក៏បានលុបការប្រកាសអាសន្នវិញ នៅខេត្តដូចជា Tochigi, Gifu, Aichi, Osaka, Hyogo, Kyoto និង Fukuoka។ នៅពេលនេះទីក្រុងតូក្យូក៏ត្រូវលុបការរឹតត្បិតផងដែរ៕ ដោយ៖ធីរីណា
រូបភាព៖AFP/TTXVN