ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិក ពន្លះភាគីចិនថា៖ កំពុងបង្កអស្ថិរភាពដល់ពិភពលោក​ ខណៈកំពុង​ប្រជុំកម្រិតខ្ពស់ជាមួយគ្នា នៅទីក្រុងអានចូរ៉េច

ចែករំលែក៖

អន្តរជាតិ​៖ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងទីក្រុង អានចូរ៉េច (Anchorage) នៃរដ្ឋអាឡាស្កា កាលពីថ្ងៃព្រហស្បតិ៍ទី១៨​ ខែមីនា​ ឆ្នាំ​២០២១ (ពេលវេលានៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) បានចោទប្រកាន់សកម្មភាពរបស់ចិនថា៖​ កំពុងគំរាមកំហែង ដល់ស្ថិរភាពសកលលោក។

ជាក់ស្ដែង​នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១នេះ​ សារព័ត៌មាន CNA​ បានចុះផ្សាយថា​ នាឱកាសពិធីបើកកិច្ចប្រជុំជាមួយ សមាជិកការិយាល័យនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន លោក យ៉ាង ជីឈី (Yang Jiechi) និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ។ ​រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) បានលើកឡើងថា ខាងភាគីសហរដ្ឋអាមេរិក​ នឹងបើកការពិភាក្សា ស្តីអំពីសកម្មភាពរបស់ចិន ក្នុងនោះរួមមាន៖តំបន់ស៊ីនជាំង ជាទីដែលទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ចិនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិដើមភាគតិចមូស្លីម អ៊ុយហ្គ័រ (Uyghur) ខណៈទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះ និងបានបង្ហាញភស្តុយ៉ាងច្រើន ទៅដល់អន្តរជាតិវិញរួចទៅហើយនោះ។

ជាមួយគ្នានេះ​ រដ្ឋមន្ត្រី​ការទូតអាមេរិក​ បានបញ្ជាក់ថា សំណុំរឿងទីក្រុងហុងកុង, តៃវ៉ាន់, ការវាយប្រហារព័ត៌មានវិទ្យាលើសហរដ្ឋអាមេរិក, ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច ប្រឆាំងនឹងសម្ព័ន្ធមិត្ត ក៏នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ជាមួយប្រមុខការទូតចិនទាំង២ផងដែរ។

ចំណែក​លោក Yang Jiechi ជាការឆ្លើយតបទៅភាគីអាមេរិក ក៏បានលើកឡើងថា ចិនប្រឆាំងជាដាច់ខាត ចំពោះការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ហើយបានអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវចិត្តសាស្ត្រសង្រ្គាមត្រជាក់។ លោក Yang Jiechi បន្ថែមថា​ សហរដ្ឋអាមេរិកតែងតែប្រើប្រាស់ កម្លាំងយោធា និងហិរញ្ញវត្ថុ ដើម្បីគំរាមកំហែង និងដាក់សម្ពាធលើបណ្ដាប្រទេសដទៃ»។

សូមជម្រាបថា​ កិច្ចប្រជុំកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនានេះ ហើយនេះគឺជាកិច្ចប្រជុំលើកដំបូងបំផុត ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា។

គួរបញ្ជាក់ថា​ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken, ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ចូ បៃដិន លោក ចេក ស៊ុលលីវែន (Jake Sullivan) ជាមួយសមាជិកការិយាល័យនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន លោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី៕ដោយ​៖ស​ តារា​

លោក យ៉ាង ជីឈី (Yang Jiechi) និង​រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken)

រូបថត​៖Lintao Zhang
រូបថត​៖REUTERS

ចែករំលែក៖