ខេត្តព្រសីហនុ៖ នារសៀលថ្ងៃអាទិត្យ ៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់លើករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធផងដែរ។
ជាកិច្ចចាប់ផ្តើម លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំបន្ទាន់ទាក់ទងទៅនឹងករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានបោះបន្តជូនទៅលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។ ក្រោយមកក៏ទទួលបានព័ត៌មាន ពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរបានស្រុះស្រួលគ្នាដោយមិនមានការប្តឹងផ្តល់អ្វីឡើយ ដូច្នេះលោក គួច ចំរើន ក៏បានណែនាំឱ្យមានការថតវីដេអូឃ្លីបបង្ហាញពីហេតុផល និងបញ្ហាដែលបានកើតឡើង តាមរយៈវីដេអូឃ្លីបដែលភាគីទាំងពីរ(សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថាហេតុផលនៃបញ្ហាដែលបានកើតឡើង ផ្តើមចេញពីទំនាស់ និងមានចេតនាបំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះធ្វើឱ្យខូចខាតនោះទេ។ ទើបលោកបញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះដោយមិនអនុញ្ញាតឱ្យដោះលែងឡើយ គឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទាដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមានការដោះស្រាយជាសាធារណៈ ជាការពិតថាករណីនេះកើតឡើងរវាងបុគ្គលពីរនាក់ តែវាបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈ ដូច្នេះលោកត្រូវពិចារណា និងចាត់ការករណីនេះឱ្យបានហ្មត់ចត់បំផុតដែលមិនអាចឱ្យកើតឡើងនូវអំពើដែលអសីលធម៌បែបនេះបានទេ។
លោកអភិបាលខេត្ត យល់ស្របជាមួយការស្រុះស្រួលគ្នារបស់គូរភាគី ដូច្នេះគឺមិនប្រកាន់ទោសនោះទេ ដោយសារបងប្អូនបានធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាតដែលបានបង្កឡើង ប៉ុន្តែលោកបានសម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករដែលរងគ្រោះ លោកអភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ពេលមួយឆ្នាំពេញ។
ជាចុងក្រោយ លោកអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុងស្រុក និងអ្នកគ្រប់គ្រងផ្សារ ត្រូវអនុវត្តតាមសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋដោយលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី និងត្រូវលើកស្លាកតារាងតម្លៃការបង់ថ្លៃភាស៊ីនៅតាមទីផ្សារទូទាំងខេត្តព្រះសីហនុ៕
ដោយ៖ឆ្លាមសមុទ្រ