ខេត្តបន្ទាយមានជ័យ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា កម្លាំងនគរបាលជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានម្នាក់គឺជាជនដៃដល់ដែលជាអ្នកធ្វើសកម្មភាពកាប់ជនរងគ្រោះ ពាក់ព័ន្ធករណីឃាតកម្មកាប់សម្លាប់មនុស្សបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ហើយត្រូវបានបញ្ជូនបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសលបណ្ដាលឲ្យបាត់បង់ជីវិតផងដែរ ព្រោះតែទំនាស់រឿងស្រី។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បន្តថា ករណីឃាត់ជនសង្ស័យទាំង៣នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកស្នងការរងទទួលការងារព្រហ្មទណ្ឌរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ជនសង្ស័យទាំង៣នាក់នេះ ទី១,មានឈ្មោះ ចាន់ សំណាង ហៅអាវ៉ច ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ គឺជាជនដៃដល់។ ចំណែកជនសង្ស័យ២នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ គឺជាបក្ខពួក។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បន្ថែមទៀតថា មុនពេលកើតហេតុ កាលពីយប់វេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ មានជនរងគ្រោះម្នាក់ឈ្មោះ ឈីវ ហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ (មុខរបរជាជាងដែក) ស្នាក់នៅធ្វើការងារស្រុកស្វាយចេក និងមានស្រុកកំណើតភូមិ-ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានជនសង្ស័យកាប់ បណ្តាលស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ខណៈពេលជនរងគ្រោះនាំគ្នាជិះម៉ូតូចូលក្នុងផ្ទះជួលខ្លួនវិញ ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ក៏បានបញ្ជាក់ដែរថា ក្រោយពីទទួលព័ត៌មានពីករណីកាប់សម្លាប់ជនរងគ្រោះ បណ្តាលស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់ហើយ មន្ត្រីនគរបាលការិយាល័ព្រហ្មទណ្ឌខេត្តសហការមន្ត្រីនគរបាលក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ជនសង្ស័យទាំង៣នាក់ ក្នុងនោះម្នាក់ជាជនដៃដល់ឈ្មោះ ចាន់ សំណាង ហៅអាវ៉ច រួចក៏បញ្ជូនមកកាន់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរចម្លើយ។
ស្នងការនគរបាលខេត្តរូបនេះ បានបញ្ជាក់ថា យោងតាមចម្លើយជនសង្ស័យឈ្មោះ ចាន់ សំណាង បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះតែគំនុំកាលពី២ថ្ងៃមុន នៅពេលរូបគេឌុបសង្សារបស់ខ្លួនចេញពីធ្វើការពេលយប់ ស្រាប់តែជនរងគ្រោះឈ្មោះ ឈីវ ហាក់ និងបក្ខពួករបស់គេ ស្ទាក់វាយទៅលើខ្លួន ។ លុះនៅយប់កើតហេតុនោះ ជនរងគ្រោះបានទូរស័ព្ទមកលេខសង្សាររបស់គេ ខណៈពេលកំពុងនៅជាមួយគ្នាក្នុងបន្ទប់ ហើយខ្លួន (ជនសង្ស័យ) ក៏បានទទួល រួចប្រាប់ថា ពេលនេះកំពុងនៅក្នុងបន្ទប់ជាមួយសង្សារ។
លោកស្នងការ បន្ថែមទៀតថា បន្ទាប់ជនរងគ្រោះក៏បានប្រាប់ទៅវិញថា ឱ្យចាំមួយភ្លែតរូបគេទៅដល់ឥឡូវហើយ ។ លុះមួយសន្ទុះក្រោយ ខណៈពេលជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀតបានមកដល់កន្លែងកើតហេតុនោះ គឺជនរងគ្រោះអង្គុយលើម៉ូតូ ហើយមិត្តភក្តិរបស់ជនរងគ្រោះជាអ្នកដើរចូលទៅគោះទ្វារបន្ទប់ ក៏ស្រាប់តែជនសង្ស័យបើកទ្វារភ្លាម រួចក៏យកកាំបិតផ្គាក់កាប់ទៅលើមិត្តភក្តិជនរងគ្រោះបណ្តាលរបួសធ្ងន់ ហើយបន្ទាប់មកជនសង្ស័យក៏ស្ទុះទៅកាប់ជនរងគ្រោះដែលអង្គុយលើម៉ូតូខាងក្រៅបន្ទប់ទៀត ដោយកាប់ចំកញ្ចឹង.ក ធ្វើឱ្យដួលទាំងជនរងគ្រោះទាំងម៉ូតូ បណ្តាលស្លាប់នៅនឹងកើតហេតុតែម្តង។ ចំណែកមិត្តភក្តិជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលបានបាត់បង់ជីវិតនៅមន្ទីរពេទ្យក្នុងយប់ថ្ងៃទី២១ ខែមីនាផងដែរ ដោយសាររបួសធ្ងន់ធ្ងរពេក។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បន្តថា ក្រោយពីកាប់ជនរងគ្រោះទាំង២នាក់ខាងលើនេះរួច ជនសង្ស័យបានហៅបក្សខ្លួនមកទទួល រួចជិះម៉ូតូរត់គេចខ្លួនដោយយកកាំបិតផ្គាក់ដែលកាប់ជនរងគ្រោះនោះទៅចោលក្នុងស្ទឹងស្ពានទឹកថ្លា ហើយក៏ជិះម៉ូតូគេចខ្លួនបន្តទៅដេកនៅវាលទំនប់កណ្តុលតែម្តង ។ លុះរហូតដល់ម៉ោង៧យប់ ថ្ងៃទី២១ ខែមីនានេះ ជនសង្ស័យ និងបក្សពួកក៏ជិះម៉ូតូត្រឡប់ចូលភូមិវិញ ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ក៏ត្រូវកម្លាំងនគរបាលដែលចាំតាមដាន និងឃ្លាំមើលនៅកន្លែងកើតហេតុនោះ ចាប់ខ្លួនបានទាំង៣នាក់តែម្តង។
សូមជម្រាបថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ សំណាង និងបក្ខបានហើយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងកម្លាំងជំនាញ បានយកជនសង្ស័យទៅរកវត្ថុតាងនៅក្នុងស្ទឹងស្ពានទឹកថ្លា តែរកមិនទាន់ឃើញឡើយ ព្រោះតែយប់ជ្រៅពេក ហើយទឹកជ្រៅទៀត។
ដោយឡែកជនសង្ស័យឈ្មោះ ចាន់ សំណាង ក៏បានសារភាពបន្ថែមទៀតថា ពាក់ព័ន្ធនឹងករណីខាងលើនេះ គឺខ្លួនជាអ្នកប្រព្រឹត្តតែម្នាក់ឯងប៉ុណ្ណោះ ។ ចំណែកឯសង្សាររបស់ជនដៃដល់វិញ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បាននាំយកសាកសួរផងដែរកាលពីព្រឹកថ្ងៃទី២២ ខែមីនា នេះដែរ។
បច្ចុប្បន្នជនដៃដល់ និងបក្ខពួក២នាក់ទៀត សមត្ថកិច្ចជំនាញកំពុងសាកសួរនិងស្រាវជ្រាវបន្តថាអ្នកណាជាប់ពាក់ព័ន្ធករណីកាប់សម្លាប់មនុស្សខាងលេីនេះ៕
ដោយ៖សហការី