ព័ត៌មានទាន់ហេតុការណ៍៖

កាប់ប្លន់យកម៉ូតូមិនបានសម្រេច​ ត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌដង្កោឃាត់ខ្លួនបាន២នាក់​

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ​ បានឲ្យដឹងនៅថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២១នេះ​ថា កម្លាំងជំនាញខណ្ឌបានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់​ក្នុងចំណោមបក្ខពួកជាច្រេីននាក់​ ពាក់ព័ន្ធ​ករណីលួចមានស្ថានទម្ងន់ទោស (ប្រើដាវ និងកាំបិតកែច្នៃ, ដំបងដែកទីបវ៉ៃប្លន់យកម៉ូតូ)​ តែមិនបានសម្រេច​               

សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌង្កោ​ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិន ណារុំ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះលេខ៣២A ផ្លូវលេខ៤ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រីឯជនសង្ស័យចំនួន២នាក់រួមមាន​ ៖ ទី១-ឈ្មោះ សួន សុភាព  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះ ព្រំ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ​ ។ ក្នុងនោះសមត្ថកិច្ចក៏ចាប់យកវត្ថុតាងរួមមាន​ ៖​ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GI-3457 ចំនួន១គ្រឿង​ និងដំបងដែកទីបប្រវែង៤០សង់ទីម៉ែត្រចំនួន១ដើម ។

    បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ​ បានឱ្យដឹងថា​ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២២និង៤០នាទី ជនរងគ្រោះឈ្មោះ រិន ណារុំ ភេទប្រុសអាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះ កង សុខណា អាយុ៣២ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿង(ប្រពន្ធជាអ្នកបើក ជនរងគ្រោះអង្គុយខាងក្រោយ) ចេញពីផ្ទះ ស្ថិតនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅផ្ទះមួយទៀត ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលជនរងគ្រោះ និងប្រពន្ធជិះម៉ូតូតាមផ្លូវបេតុង៥០ម៉ែត្រពីកើតទៅលិចដល់ចំណុចផ្លូវកែងបត់ចូលភូមិទួលពង្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យ១ក្រុមមានគ្នាប្រហែល៨នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ចំនួន៤គ្រឿង ប្រដាប់ដោយដំបងដែកទីប ដាវ និងកាំបិតកែច្នៃ ដេញតាមពីក្រោយជនរងគ្រោះ ហើយប្រើដាវកែច្នៃ កាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យត្រូវចំដើមដៃខាងឆ្វេង រងរបួសស្រាល រួចជនរងគ្រោះក៏បានធាក់ម៉ូតូជនសង្ស័យដួលទៅលើផ្លូវបេតុង ចំនួន១គ្រឿង ហើយប្រាប់ឱ្យប្រពន្ធបើកម៉ូតូទៅមុខឱ្យលឿន ហួសទៅផ្ទះ ស្ថិតនៅភូមិព្រៃព្រីងខាងជើងតែម្តង ។ លុះមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចតាមរយៈទូរស័ព្ទអំពីហេតុការណ៍ខាងលើ តែមិនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសភ្លាមទេ ដោយសារជនរងគ្រោះមានធុរៈផ្ទាល់ខ្លួន។ 

      រហូតមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោយើង បានជិះម៉ូតូល្បាតនៅលើផ្លូវ៥០ម៉ែត្រ ដល់ចំណុចផ្លូវបត់ចូលភូមិទួលពង្រខាងលើ ក៏បានជួបនឹងជនសង្ស័យចំនួន៣នាក់កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GI-3457 មួយគ្រឿង ឌុបគ្នាបម្រុងធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូ ហើយសមត្ថកិច្ចក៏បានហៅឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ហើយជនសង្ស័យម្នាក់ឈ្មោះ ត្រា ភេទប្រុស អាយុ១៨ឆ្នាំក៏បានឈប់ម៉ូតូ ហើយរត់គេចខ្លួនបាត់ ។ បន្ទាប់មកសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលេីរួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ 

    ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាធ្វើសកម្មភាពប្រើដំបងដែកទីប, ដាវ និងកាំបិតកែច្នៃ កាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ តែមិនបានសម្រេចប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចបានជូនដំណឹងទៅជនរងគ្រោះឱ្យមកមើលមុខជនសង្ស័យ និងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង២នាក់ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖